
ការចិញ្ចឹមសត្វកង្កែបគឺឆាប់ទទួលបានផល ដោយប្រើរយៈពេលត្រឹមតែ ៤៥ ថ្ងៃប៉ុណ្ណោះ អាចចាប់លក់បានហើយ ដោយក្នុង ១ គីឡូក្រាមថ្លៃ ១៣០០០ រៀល តែបើលាត់ស្បែកហើយក្នុង ១ គីឡូក្រាមថ្លៃ ១៥០០០ រៀល ។
លោក ឡោម វណ្ណៈ អាយុ ២៦ ឆ្នាំម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបខ្នាតតូចមួយរូបក្នុភូមិកន្ទោក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា លោកបានចិញ្ចឹមកង្កែបរយៈពេលជាង ២ ឆ្នាំមកហើយ ដោយមុនពេលមកចិញ្ចឹមកង្កែប លោកជាកម្មកររោងចក្រម្នាក់ តែដោយចាប់អារម្មណ៍ចំពោះរបរចិញ្ចឹមកង្កែបទើបឆ្លៀតធ្វើការស្រាវជ្រាវពីការចិញ្ចឹមកង្កែបនេះ និង ចំណាយដើមទុនដំបូងជាង ២០០ ដុល្លារ ដាក់កូនកង្កែបចិញ្ចឹមចំនួន ២០០០ ក្បាល តែក៏មិនចោលការងារជាកម្មកររោងចក្រដែរ ។
លោកចិញ្ចឹមកង្កែបដើម្បីយកសាច់ និង យកកូនលក់ ដោយកង្កែបសាច់ក្នុងមួយគីឡូក្រាមលក់បាន ១៣០០០ រៀល ចំណែកកូនវិញ ក្នុងមួយក្បាលលោកលក់ក្នុងតម្លៃ ៤០០ រៀល ទៅ ៥០០ រៀលតាមទំហំតូច ឬ ធំ ។ មុនវិបត្តិជំងឺកូវីដ-១៩ លោកលក់កង្កែបសាច់បានច្រើនជាងលក់កូន ប៉ុន្តែក្នុងកំឡុងវិបត្តិ កូវីដ-១៩ លោកលក់កូនកង្កែប បានច្រើនជាងសាច់វិញម្ដង ។
លោក ឡោម វណ្ណៈក៏បានបញ្ជាក់ដែរថា ចំពោះវិធីសាស្ត្រចិញ្ចឹមកង្កែបមានច្រើនប្រភេទទៅតាមធនធាន កន្លងមកលោកបានណែនាំពីវិធីសាស្ត្រចិញ្ចឹមកង្កែបដោយមិនគិតថ្លៃដល់អតិថិជន ដែលបានទិញកូនកង្កែបលោកយកទៅចិញ្ចឹម ។
តាមបទពិសោធរបស់លោកការចិញ្ចឹមកង្កែប គឺមានភាពងាយស្រួលដោយគេទិញយកទៅចិញ្ចឹមតែម្តង អាចទុកពូជបន្តរហូត ពោលគឺបើគេលក់សាច់ចិញ្ចឹមតែ ២ ខែលក់បានហើយ ប៉ុន្តែបើចង់ទុកពូជចិញ្ចឹមរយៈពេល ១ ឆ្នាំទើបយកទៅបង្កាត់បាន ដែលក្នុងកង្កែបមេ ១ ក្បាលមានកូនដល់ទៅរាប់ពាន់ក្បាល ៕