
កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីប្លន់ជំរិតលុយ ១ លានដុល្លារ នៅចំណុចបុរីអង្គរភ្នំពេញ ដែលការប្លន់នេះមិនបានសម្រេច ដោយឧក្រិដ្ឋជនទាំង ៤ នាក់ ត្រូវបានបាញ់បង្ក្រាបដោយដៃសមត្ថកិច្ច ។
លុះមកដល់ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១នេះ សមត្ថកិច្ចបានប្រគល់សាកសពជនល្មើសទាំង ៤ រូប បញ្ជូនទៅកាន់វត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលសពធ្វើបុណ្យ ។ ក្នុងនោះដែរ គេឃើញមានសាកសពជនល្មើសចំនួន ៣ រូប ត្រូវបានសាច់ញាតិទៅទទួលស្គាល់ និង ធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែក សាកសពជនរងគ្រោះ ដែលជាមេខ្លោងនៃករណីប្លន់ចាប់ជំរិត ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ គឺពុំមានសាច់ញាតិណាម្នាក់ទៅទទួលស្គាល់នោះឡើយ ទើបអាចារ្យភ្លុកប្រចាំវត្តទឹកថ្លា សម្រេចចិត្តបូជាសាកសពតែម្ដង ។
តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីសាកសពបានធ្វើការបូជារលាយក្លាយជាធាតុរួចហើយនោះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយ ដែលត្រូវគេសង្ស័យថាជាបងប្រុសរបស់មេខ្លោង ឧក្រិដ្ឋជនខាងលើ បាន Add Story ដោយមានរូបភាពភ្ជាប់ជាមួយសារថា «I’m Sorry» ចំណែកសារទី ២ បានសរសេរថា «I can not accept the truth sorry» និង សារទី ៣ បានបង្ហោះនូវរូបភាពក្រុមគ្រួសារ ដែលមានឪពុកម្ដាយ និង ក្មេងប្រុស ២ នាក់ មានម្នាក់ដាក់អក្សរថា RIP និង បានសរសេរថា «លារហូតហើយ» ។
យ៉ាងណាមិញសម្រាប់អត្តសញ្ញាណឪពុកម្ដាយរបស់មេខ្លោងជំរិតទាលុយខាងលើ គឺពុំទាន់កំណត់បាននៅឡើយទេ នៅពេលមានព័ត៌មានលម្អិតពីពួកគេ ក្រុមការងារយើងខ្ញុំនឹងជម្រាបជូនបន្ថែមទៀត ៕
អត្ថបទដោយ៖ Muyly