
នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្រាប់ការចាក់វ៉ាក់សាំង នៅតាមបណ្ដាខេត្ត នឹងមាននៅតាមទីតាំងដែលក្រសួងបានអនុញ្ញាត ដែលនឹងចាក់ជូនទៅដល់ក្រុមមនុស្សដែលទទួលបានការអំពាវនាវ ឬក៏ការផ្សាយរបស់ក្រសួងសុខាភិបាល ។
លោកជំទាវ បានថ្លែងបន្តទៀតថា បច្ចុប្បន្ននេះ ក្រសួងបានអនុញ្ញាត ឱ្យបណ្ដាខេត្ត នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ហើយក៏មានខេត្តមួយចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមផងដែរ ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងទៀតថា ក្រសួង កំពុងបណ្ដុះបណ្ដាល គ្រូពេទ្យចាក់វ៉ាក់សាំងជាក្រុម ហើយបញ្ជូនទៅតាមបណ្ដាខេត្ត ហើយនឹងមានការចាក់នៅគ្រប់រាជធានី-ខេត្ត តែការចាក់នេះអនុញ្ញាតធ្វើឡើងតែ នៅតាមមន្ទីរពេទ្យបង្អែកណាដែលមានលទ្ធភាព និង ចំណែកសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ជុំវិញការ បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ ៕
អត្ថបទដោយ៖ Muyly