
កន្លងទៅគឺត្រឹមតែមានពងសត្វអូទ្រីសលក់ប៉ុណ្ណោះ តែបច្ចុប្បន្នមានលក់ពូជកូនអូទ្រីសសម្រាប់អ្នកដែលចង់ចិញ្ចឹមថែមទៀត ។ លោក រឿង វុទ្ធី អាយុ ៣៦ ឆ្នាំ នៅខេត្តកំពង់ចាម ដែលជាអ្នកលក់ពង និង ពូជកូនសត្វអូទ្រីសបានបង្ហើបឱ្យដឹងថា ៖ «កាលពីមុនពេលមានជំងឺកូវីដ ១៩ ចូលដល់គាត់លក់ពូជសត្វអូទ្រីសដាច់ណាស់ ដោយក្នុង ១ ខែ មានគេទាក់ទងទិញពី ៧ ទៅ ៨ គូ ហើយក្នុង ១ គូលក់តម្លៃពី ៣០០ ទៅ ៤០០ ដុល្លារ និង លក់ពងសត្វអូទ្រីសសម្រាប់គេយកទៅស្ងោរហូប ក្នុងពង ១ តម្លៃពី ២០ ទៅ៣០ ដុល្លារ ទៅតាមទំហំតូចធំនៃពង ។
សត្វអូទ្រីសគេទិញយកទៅដាក់ចិញ្ចឹមលម្អតាមគេហដ្ឋាន តាមរមណីយដ្ឋាន និង ក្នុងចម្ការធំៗ ដោយសារវាមានរូបរាងស្រស់ស្អាតធំត្រដែត គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរ ។ កូនសត្វអូទ្រីសងាយស្រួលចិញ្ចឹម ឆាប់ធំបានផលលឿនត្រឹមតែ ១ ឆ្នាំកន្លះ វានឹងមានពង ហើយពងច្រើនទៀតផង ដោយក្នុង ១ ឆ្នាំ វាពងរយៈពេល ៨ ខែពេញ ។ ពងរបស់វាយកទៅភ្ញាស់ ៤៥ ថ្ងៃ ទើបញាស់ចេញជាកូន ។
ពេលនេះនៅស្រុកខ្មែរយើងក៏អាចចិញ្ចឹមបានដែរ ព្រោះវាជាសត្វស្រួលចិញ្ចឹម វាស៊ីទាំងស្មៅ ត្រកួន ដើមចេក កំប្លោក បន្លែ ត្រី សាច់ ត្រកួន ស្ពៃ សាលាដ ដាក់លាយជាមួយចំណីមាន់ ឬ កន្ទក់ក៏បាន ។
កន្លងទៅលោក វុទ្ធី ធ្លាប់នាំចូលពងសត្វអូទ្រីសពីក្រៅប្រទេសមកលក់ក្នុងស្រុក ប៉ុន្តែឥឡូវនេះបាននាំកូនសត្វអូទ្រីសមកលក់វិញម្តង ព្រោះសង្កេតឃើញថាសត្វប្រភេទនេះទទួលបានការចាប់អារម្មណ៍ មានអ្នកចង់ចិញ្ចឹមច្រើន និង ដោយសារសត្វអូទ្រីសមានអាយុកាលវែង ធន់នឹងអាកាសធាតុ និង ឆាប់ធំធាត់រហូតដល់មានទម្ងន់ជាង ១០០ គីឡូក្រាម ។ ពូជសត្វអូទ្រីសនេះមានអាយុវែងណាស់អាចដល់ ៨ ឬ ៩ ឆ្នាំ និង មានទម្ងន់រហូតដល់ជាង ១០០ គីឡូក្រាមឯណោះ ហើយមនុស្សអាចជិះវាបានទៀត ៕
អត្ថបទដោយ៖ ដេវីត