
បើទោះជាស្វាមីមានរបរជាជាងមាសក្តីក៏ស្រ្តីឈ្មោះ ឡាយ ណារីន អាយុ ៤៣ ឆ្នាំ រស់នៅភូមិពោធិបាក់ក ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានឆ្លៀតចាប់មុខរបរចិញ្ចឹមមាន់ស្រែភ្ញាស់កូនលក់ រកចំណូលបានមិនក្រោម ១០០០ ដុល្លារឡើយក្នុងមួយខែៗ ។
គិតមកទល់ពេលនេះមានរយៈពេល ២ ឆ្នាំហើយដែលស្រ្តីឈ្មោះ ឡាយ ណារីន បានចាប់ប្រកបរបរចិញ្ចឹមមាន់ស្រែសុទ្ធលក់ដោយមានទីផ្សារល្អ ព្រោះមានអតិថិជនពីបណ្តាខេត្តនានាទាក់ទងទិញមេមាន់ និង កូនមាន់ពូជយកទៅចិញ្ចឹម ដែលពេលខ្លះភ្ញាស់លក់ឱ្យគេស្ទើរមិនទាន់ផង ។
មាន់ស្រែដែលគាត់ចិញ្ចឹមប្រមាណជា ២០០ ក្បាល ក្នុងនោះមានឈ្មោលតែ ២០ ក្បាលប៉ុណ្ណោះ ដើម្បីបង្កាត់ពូជយកពងមកភ្ញាស់ជាកូនលក់ និង ពេលខ្លះក៏ប្រមូលទិញពងមាន់ស្រែពីអ្នកស្រុកយកមកភ្ញាស់បន្ថែមដើម្បីបំពេញតាមតម្រូវការអតិថិជន ។ កូនមាន់ពូជដែលញាស់ចេញមកត្រឹមតែស្ងួតរោមគាត់លក់ក្នុង ១ ក្បាលថ្លៃ ៣០០០ រៀល និង កូនមាន់ញាស់មកបានអាយុ ២១ ថ្ងៃ គាត់លក់ ១ ក្បាលថ្លៃ ៥០០០ រៀល ។ ចំណែកមេមាន់ពូជមេក្រមុំគាត់លក់ក្នុង ១ គីឡូក្រាម ១៧០០០ រៀល ។
រំឭកពីពេលចាប់ផ្តើមចិញ្ចឹមមាន់ដំបូង គាត់ទិញមេមាន់ពីអ្នកភូមិយកមកចិញ្ចឹមត្រឹម ១៥ ក្បាល ហើយក៏ចេះតែរីកសាយកូនបានច្រើន និង លក់ចេញទិញចូលមកចិញ្ចឹមបន្តបន្ទាប់ដល់រាប់រយទៅពាន់ក្បាល ។ កាលនោះការចិញ្ចឹមមាន់សាច់លក់ចំណាយទុនច្រើន និង មិនសូវចំណេញ ថែមទាំងហត់នឿយខ្លាំងផង ព្រោះត្រូវចិញ្ចឹមរយៈពេលជាង ៣ ខែ ទើបមាន់ធំបានដល់ទម្ងន់ជាង ១ គីឡូក្រាម ហេតុនេះក៏សម្រេចចិត្តប្តូរមកចិញ្ចឹមមាន់យកពងភ្ញាស់កូនលក់វិញ បើទោះរយៈពេលចិញ្ចឹមយូរបន្តិចមែនគឺរយៈពេលពី ៥ ខែទៅ ៥ ខែកន្លះ ទើបមាន់ពងក្តី ក៏សង្កេតឃើញថាវាអាចផ្តល់ផលចំណូលយូរទម្រាំមាន់ចាស់អស់ពងចាប់ពី ២ ទៅ ៣ ឆ្នាំឯណោះ ។ ចំពោះមេមាន់ចាស់អាយុចាប់ ២ ឆ្នាំ ឡើងត្រូវបញ្ចេញលក់ និង ចាប់មេមាន់ថ្មីដាក់បញ្ចូលវិញ ។
មូលហេតុនាំឱ្យគាត់សម្រេចចិត្តបែបនេះ ក៏ព្រោះតែយល់ថាងាយចិញ្ចឹម និង ចិញ្ចឹមបានយូរ ព្រមទាំងផ្តល់ផលជាពងក៏ច្រើនដែរ មិនដូចការចិញ្ចឹមមាន់យកសាច់ចិញ្ចឹមតែជាង ៣ ខែលក់ចេញឱ្យឈ្មួញបាត់ តែបើចិញ្ចឹមដើម្បីយកពងមកភ្ញាស់ជាកូនសម្រាប់លក់គឺមានរយៈពេលយូរដល់ទៅ ២ ឬ ៣ ឆ្នាំ ទើបមេមាន់ចាស់អស់ពង ។ សព្វថ្ងៃគាត់មានទូភ្ញាស់កូនមាន់ចំនួន ២ ទូ ដោយក្នុងទូនីមួយៗអាចដាក់ពងភ្ញាស់បានជាង ១០០០ ពងក្នុងមួយលើកៗ ។
ដោយមើលឃើញថាការចិញ្ចឹមមាន់យកពងភ្ញាស់លក់កំពុងមានទីផ្សារ ព្រោះកសិករកំពុងចាប់អារម្មណ៍លើការចិញ្ចឹមមាន់ស្រែទើបគាត់គ្រោងពង្រីកការចិញ្ចឹមមាន់ឱ្យបានដល់ ៥០០ ក្បាល ដើម្បីបានពងមកភ្ញាស់ជាកូនលក់ជូនអតិថិជនពីគ្រប់ទិសទី ៕
អត្ថបទដោយ៖ ដេវីត