
ប្រិយមិត្តទូទៅប្រាកដជាបានស្គាល់ និង ល្បីរួចហើយពីព្រះនាមព្រះតេជព្រះគុណ ប៊ុន សាលួត ដែលព្រះអង្គត្រូវបានពុទ្ធបរិស័ទ្ធនិយមហៅ «លោកឪ» ។ ព្រះអង្គគឺជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និង ជាអតីតព្រះមេគុណខេត្តឧត្តរមានជ័យ ដែលសកម្មក្នុងកិច្ចការពារព្រៃឈើ នៅប្រទេសកម្ពុជា តែយ៉ាងណាបច្ចុប្បន្ននេះព្រះអង្គបានលាចាកសិក្ខាបទ ក្លាយជាសាមញ្ញជនធម្មតាវិញហើយ តាំងតែពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។
អ្វីដែលគួរចាប់អារម្មណ៍ ក្រោយលាចាកសិក្ខាបទបានប្រមាណជាង ១ ខែកន្លងទៅនេះ ស្រាប់តែអន្ទិត ប៊ុន សាលួត បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយលោកអន្ទិតបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយការរៀបចំកម្មវិធីឡើងផ្អើលអ្នកស្រុកនៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
កាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺគូដណ្តឹងរបស់អន្ទិត ប៊ុន សាលួត ត្រូវបានមហាជន ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លើកសរសើរយ៉ាងខ្លាំងពីរូបឆោមលោមពណ៌ដ៏ស្រស់ស្អាត និង មានវ័យក្មេងរបស់នាង ។ ក្នុងនោះដែរក៏មានការជូនពរពីមហាជន ដល់គូស្នេហ៍នេះពេលចាប់ដៃគ្នាក្លាយជាប្តីប្រពន្ធ ឱ្យជួបតែសំណាងល្អ និង មានសុភមង្គលផងដែរ ៕
អត្ថបទដោយ៖ សាកល