
រន្ធត់ណាស់ នារីម្នាក់រៀបរាប់បង្ហាញអារម្មណ៍ទាំងឈឺចាប់តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ក្រោយពីត្រូវបានជនអនាមិកមិនស្គាល់មុខ ឆក់កាបូបលុយរបស់នាងដែលបណ្ដាលឱ្យនាងត្រូវរងគ្រោះជាទម្ងន់ ដេកសម្រាកព្យាបាលទាំងឈឺចាប់ ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Dara Leakna បានចេញមកបង្ហោះរូបព្រមទាំងសារអានហើយចង់អួលដើមក និយាយមិនចេញដោយសារអាណិតនាងដែលជាជនរងគ្រោះ ត្រូវបានក្រុមចោរឆក់កាបូបបណ្ដាលឱ្យមានរបួសស្នាមពេញខ្លួន ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅចំណុចផ្លូវស្ពានអាកាសសាលាតិចណូ ប្រហែលវេលាម៉ោងប្រមាណជា ៩ យប់ ក្នុងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១កន្លងទៅនេះ ។
យ៉ាងណាមិញក្នុងសារបង្ហោះនោះនាងបានសរសេរថា ៖ « លុយនៅក្នុងកាបូបខ្ញុំតែ ៣ ម៉ឺនទេ កាត ATM របស់ខ្ញុំ តើអ្នកអាចប្រើបានទេ ស្គាល់លេខកូដទេ កាតបន្ទប់ខ្ញុំ តើអ្នកអាចប្រើបានទេ ? ស្គាល់ជាន់ស្គាល់លេខបន្ទប់ទេ ? សន្តិសុខ 24h ចូលបានទេ ? តើវាសមតម្លៃទេដែលខ្ញុំត្រូវមករងគ្រោះព្រោះចិត្តតិរឆ្ឆានរបស់អ្នក ខ្ញុំមិនចង់គិតទេបើយប់មិញខ្ញុំជិះលឿនជាងនេះខ្ញុំទៅជាយ៉ាងណា បើពេលខ្ញុំដួលមានឡានធំមកពីក្រោយជីវិតអាចនៅសល់ទេ ? អ្នកដឹងថាបើអ្នកឆក់សង្ឃឹមតិចណាស់ថានឹងបានព្រោះកាបូបខ្ញុំស្ពាយពាក់ឆៀងខ្សែរកាបូបខ្ញុំធំក្រាស់ តែដឹងប្រាកដណាស់ថាខ្ញុំនឹងមានគ្រោះថ្នាក់ តើចិត្តពួកអ្នកសាងពីអ្វី ? តើហេតុផលកន្លែងណាដែរធ្វើឱ្យខួរអ្នកមើលឃើញថារបរលួចឆក់ជារឿងសប្បាយ បើយប់មិញអ្នកត្រូវគេចាប់បានឬ ជ្រុលទៅបុកឡានស្លាប់វាសមតម្លៃហើយមែនទេ? គ្រួសារខ្ញុំស្រលាញ់ខ្ញុំណាស់ថ្នមដូចកែវបារម្ភណាស់ភយ័ណាស់ តែបែរមកត្រូវខូចមុខខូចមាត់ឈឺពេញទាំងខ្លួន ជើងជ្រៅដល់ឆ្អឹងស្ទើរតែនឹងដាច់សសៃទៀតក្នុងមួយពព្រិចភ្នែកដោយសារតែអំពើបាតសង្គមពួកអ្នកឯង បើគ្រួសារខ្ញុំដឹងមុនថាខ្ញុំនឹងមកត្រូវទទួលរឿងបែបនេះពួកគាត់សុខចឹត្តធ្វើលុយអោយជ្រុះគុណនឹងលុយក្នុងកាបូបខ្ញុំរាប់រយពាន់ដងអោយទៅអ្នក ព្រោះសំរាប់ពួកគាត់ជីវិតខ្ញុំមានតម្លៃណាស់ » ។
ករណីនេះក៏ជាសារដាស់តឿនមួយដល់អ្នកបើកបរនៅពេលយប់គ្រប់គ្នាគួរណាស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ព្រោះថាបើកបរនៅពេលយប់វាពុំសូវមានសុវត្ថិភាពឡើយ ៕
អត្ថបទដោយ៖ Phanith