
តាមការបញ្ជាក់ពីប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ ទី ០៧ ខែមករា ឆ្នាំ ២០២១ កន្លងទៅ សាកសពរបស់កសិករម្នាក់នៅរដ្ឋ Bihar ត្រូវបានអ្នកជិតខាងរបស់គាត់ នាំគ្នាសែងយកទៅកាន់ធនាគារ ដើម្បីទាមទារប្រាក់សម្រាប់បញ្ចុះសព ។
បុរសម្នាក់ឈ្មោះ Mahesh Yadav អាយុ ៥៥ ឆ្នាំ ជាអ្នកភូមិ Shahjahanpur បានស្លាប់កាលពីថ្ងៃអង្គារ ទី ០៥ ខែមករា ឆ្នាំ ២០២១ ក្រោយតស៊ូជាមួយជំងឺប្រចាំកាយជាយូរ ។ រូបគាត់គ្មានសាច់ញាតិឡើយ ហើយសាកសពគាត់ត្រូវបានអ្នកជិតខាងប្រទះឃើញ ពេលប៉ុន្មានម៉ោងក្រោយ ។
ក្រោយមក អ្នកភូមិបានឆែកក្នុងផ្ទះរបស់គាត់ រកក្រែងមានវត្ថុមានតម្លៃផ្សេងៗ ដើម្បីយកធ្វើបុណ្យ ប៉ុន្តែរកមិនឃើញមានអ្វីឡើយ ក្រៅពីសៀវភៅធនាគាររបស់គាត់ ដែលបង្ហាញថាគាត់មានលុយក្នុងគណនីចំនួនជាង ១ ៦០០ ដុល្លារ ។
នៅរសៀលថ្ងៃដដែល អ្នកជិតខាងទាំងនោះក៏បានយកសៀវភៅធនាគារនោះ រួមទាំងសាកសពលោក Yadav ទៅកាន់ធនាគារ Canara ដើម្បីទាមទារដកប្រាក់យកមកធ្វើបុណ្យឲ្យលោក ។ ពួកគេបានបដិសេធមិនចាកចេញទៅវិញឡើយ រហូតទាល់តែខាងអ្នកគ្រប់គ្រងនៅទីនោះចេញមុខមកដោះស្រាយ ។
តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងធនាគារបាននិយាយថា «ពួកគេបានដាក់បន្ទុកលើធនាគារយើង ហើយដោយមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច យើងក៏បានផ្ដល់ប្រាក់ខ្លះឲ្យពួកគាត់ ។ នេះជាករណីដំបូងហើយដែលខ្ញុំជួបប្រទះ ។ ដោយស្ថានភាពតានតឹងពេក ខាងមន្ត្រីធនាគារក៏ឯកភាពគ្នាប្រមូលប្រាក់បរិច្ចាគពីបុគ្គលិកទាំងអស់សរុបបានប្រមាណជាង ១០០ ដុល្លារ ឲ្យទៅអ្នកភូមិទាំងនោះយកទៅធ្វើបុណ្យជូនលោក Yadav» ៕
ប្រភព៖ news18
អត្ថបទដោយ៖ Trassi