នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ថ្មី ចំនួន ០១ នាក់ ដែលជាពលករមកពីប្រទេសថៃ និងមានអ្នកជាសះស្បើយចំនួន ០៣នាក់ ដែលក្នុងនោះ មានពលករមកពីប្រទេសថៃ ០២នាក់ និង អ្នកឆ្លងក្នុងព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា ០១នាក់ ។
ទន្ទឹមនឹងនោះ នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១នេះ មានអ្នកឆ្លងសរុបចំនួន ៣៩២ នាក់ ដែលក្នុងតួរលេខនេះ បូកសរុបទាំងអ្នកដែលបានរកឃើញឆ្លងនៅព្រឹកនេះចំនួន ០១ នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖
– ជាស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមាន ៣៩២ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃ មានចំនួន ២៧ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៣៧៤ នាក់ និង នៅសល់អ្នកព្យាបាលចំនួន ១៨ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖