
នៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីពីជំងឺកូវីដ ១៩ នៅកម្ពុជាបានឱ្យដឹងថា ព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ថ្មី ចំនួន ០១ នាក់ ដែលជាពលករមកពីប្រទេសថៃ ។
ទន្ទឹមនឹងនោះ នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១នេះ មានអ្នកឆ្លងសរុបចំនួន ៣៨៦ នាក់ ដែលក្នុងតួរលេខនេះ បូកសរុបទាំងអ្នកដែលបានរកឃើញឆ្លងនៅព្រឹកនេះចំនួន ០១ នាក់ ដែលមានអត្តសញ្ញាណដូចខាងក្រោម៖
-ជាស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុក បវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ អ្នកឆ្លងទូទាំងប្រទេសមាន ៣៨៦ នាក់ ក្នុងនោះពលករដែលមកពីប្រទេសថៃ មានចំនួន ២១ នាក់ ។ ចំពោះអ្នកជាសះស្បើយមានចំនួន ៣៦២ នាក់ និង នៅសល់អ្នកព្យាបាលចំនួន ២៤ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
អត្ថបទដោយ៖ Muyly