បុរសអនាថាសញ្ជាតិប្រេស៊ីលម្នាក់ បានវិលត្រឡប់ជួបជុំជាមួយក្រុមគ្រួសាររបស់លោកវិញ ក្រោយហាងកាត់សក់ក្នុងតំបន់មួយ បានធ្វើការជួយកាត់សក់ តម្រឹមពុកមាត់ និងធ្វើការបង្ហោះលទ្ធផលនៃរូបរាងថ្មីរបស់លោកលើបណ្ដាញសង្គម ។
លោក João Coelho Guimarães អាយុ ៤៥ ឆ្នាំ បានក្លាយជាជនអនាថាគ្មានផ្ទះសម្បែងរយៈពេល ៣ ឆ្នាំមកហើយ ខណៈក្រុមគ្រួសាររបស់លោកគិតថា លោកបានស្លាប់ ។
រហូតមកទល់ពេលថ្មីៗនេះ រូបលោកបានធ្វើការចូលក្នុងហាងកាត់សក់ និងលក់សម្លៀកបំពាក់បុរសមួយកន្លែង ដែលម្ចាស់ហាង និងបុគ្គលិកនៅទីនោះ សុទ្ធសឹងតែជាមនុស្សចិត្តធម៌ បានធ្វើការសម្អាតរាងកាយ កាត់សក់ រួមទាំងផ្ដល់សម្លៀកបំពាក់ថ្មីដល់លោក ប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត ។
កម្រងរូបភាពនៃរូបរាងថ្មីរបស់បុរសអនាថារូបនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងលើបណ្ដាញសង្គម រហូតធ្លាយទៅដល់ក្រុមគ្រួសារលោក បង្កជាការភ្ញាក់ផ្អើលដល់ពួកគេជាខ្លាំង ។
ក្រោយមក ម្ដាយ និងប្អូនស្រីរបស់លោក ក៏បានទាក់ទងទៅម្ចាស់ហាង ដោយសារតែកូនរបស់គាត់មិនមានអាសយដ្ឋាន ឬទូរស័ព្ទប្រើប្រាស់ឡើយ ។ នៅថ្ងៃបន្ទាប់ លោក João Coelho Guimarães ក៏បានវិលជួបជុំគ្រួសារវិញដោយក្ដីរំភើបបំផុត ក្រោយបែកគ្នារយៈពេល ១០ ឆ្នាំមកនោះ ។
ទោះជាលោក João Coelho Guimarães មានក្ដីរំភើប ក្រោយជួបជុំគ្រួសារវិញក៏ពិតមែន ប៉ុន្តែរូបលោកបានបដិសេធមិនព្រមទៅរស់នៅជាមួយគ្រួសារវិញឡើយ ព្រោះរស់នៅតាមផ្លូវ លោកមានសេរីភាពជាង ៕
ប្រភព៖ Dailymail