ការងារ ១០ តំណែង ចប់ត្រឹមទី ១២ ក៏ធ្វើបាន រីឯប្រាក់ខែវិញកប់ៗមួយស្រួលចាយ
ចប់ទី ១២ ជាពេលវេលាដែលសិស្សានុសិស្សចាប់ផ្ដើមចាកចេញពីស្រុកកំណើត មកភ្នំពេញដើម្បីបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ សិស្សខ្លះផ្ដោតតែលើការសិក្សាមួយមុខមិនទានគិតគូររឿងការងារទេ តែចំពោះនិស្សិតខ្លះទៀត ចាំបាច់ត្រូវរកចំណូលបន្ថែមទើបអាចផ្គត់ផ្គង់ការចំណាយបាន ។ មិនដឹងថា គួរធ្វើការងារអ្វីមែនទេ? ខាងក្រោមនេះជាការងារទាំង ១០ មុខ មិនចាំបាច់ត្រូវការចំណេះដឹងខ្ពស់ តែអាចទទួលបានប្រាក់ខែសមរម្យអាស្រ័យលើសមត្ថភាព៖
១. បុគ្គលិកផ្នែកដឹកជញ្ជូន
អ្នកខ្លះគិតថាការងារដឹកជញ្ជូនប្រាក់ខែតិច ជិះហាលក្ដៅ ហាលភ្លៀង តែគិតបែបនេះខុសហើយ ។ បុគ្គិកផ្នែកដឹកជញ្ជូនបានកម្រៃជើងសារច្រើនៗណាស់ ប្រសិនបើពូកែឧស្សាហ៍ព្យាយាម ម្យ៉ាងបច្ចុប្បន្នក្រុមហ៊ុនមានច្រើនប្រជែងគ្នា ហ៊ានឱ្យកម្រៃជើងសារដេញជើងគ្នា មិនខ្វះរឿងលុយចាយទេ ។
២. បុគ្គលិកផ្នែកឆុងកាហ្វេ
បុគ្គលិកឆុងកាហ្វេហាងលំដាប់ៗមានទៅអន់អី ហើយថែមទាំងទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកអតិថិចណទៀត ។ អ្នកចេះឆុងកាហ្វេស្ទាត់ប្រាក់ខែមិនណយទេ ជាពិសេសបើមានទេពកោសល្យចេះច្នៃប្រឌិតទៀត កាន់តែកប់ខ្លាំង ។
៣. អ្នក Order
តិចថាអ្នក Order ការងារធម្មតាៗអីចុះ ទាល់តែអ្នកពូកែកត់ ពូកែចាំ សម្ដីរួសរាយទៀតទើបគេចូលចិត្ត ។ បើគិតថាខ្លួនឯងមានចំណុចទាំងនេះហើយ ទៅធ្វើការងារនេះទៅដឹងតែមេស្រឡាញ់ ហ៊ានឱ្យប្រាក់ខែខ្ពស់ៗមិនខាន ។
៤. ផ្នែកលក់
ចំណែកឯបុគ្គលិកផ្នែកលក់វិញ ក៏មិនចាំបាច់ទាមទារចំណេះដឹងខ្ពស់ពេក ត្រឹមតែពួកែវោហា សារស័ព្ទ អាចធ្វើជាអ្នកលក់ក្នុងហាង អ្នកលក់អចលនទ្រព្យ ឬ អ្នកលក់ទំនិញតាមអនឡាញផ្សេងៗ ។
៥. ផ្នែក Call Center
អ្នកទទួលទូរស័ព្ទវិញក៏ដូចគ្នាដែរ ការងារនេះមិនបាច់ទាល់តែមានសញ្ញាបត្រទេ ត្រឹមទី ១២ គេទទួលដៃដប់ អាចធ្វើជាបុគ្គលិកដោះស្រាយបញ្ហាតាមក្រុមហ៊ុនទូរស័ព្ទ តាមហាង តាមក្រុមហ៊ុននានាជាដើម ។
៦. ជំនួយការគ្រូបង្រៀន
ជំនួយការគ្រូបង្រៀនក៏មិនគួរមើលរំលង ការងារនេះមើលទៅសមរម្យ ថ្លៃថ្នូរ ហើយថែមទាំងមានឱកាសរៀនសូត្រទៀត ។
៧. គ្រូបង្រៀនភាសាបរទេស
បើចេះភាសាបរទេសច្បាស់អាចប្រើការបាន អាចធ្វើជាគ្រូបង្រៀននៅសាលាឯកជន ដូចជាភាសអង់គ្លេស ចិន កូរ៉េ ថៃ ជាដើម ។
៨. អ្នកបកប្រែ
ចប់ត្រឹមទី ១២ ចេះភាសាច្បាស់អាចធ្វើជាអ្នកបកប្រែនៅតាមរោងចក្របាន ពិសេសភាសាចិន ព្រោះអ្នកវិនិយោគនៅកម្ពជាភាគច្រើនចិន ។ ការងារនេះប្រាក់ខែខ្ពស់គួរសម អាចយកមកផ្គត់ផ្គង់ការចំណាយរៀននៅថ្នាក់មហាវិទ្យាល័យបាន ។
៩.ប្រឡងចូលក្របខណ្ឌគ្រូបង្រៀន
ប្រសិនបើមានក្ដីស្រឡាញ់ចង់ធ្វើជាគ្រូបង្រៀន អាចដាក់ពាក្យប្រឡងទៅក្រសួងរើសច្រើនណាស់ ។ អាចធ្វើជាគ្រូកម្រិតមធ្យម ហើយឆ្លៀតរៀបបរិញ្ញាបត្រចាំប្រឡងចូលគ្រូឧត្ដមឆ្នាំក្រោយទៀត ។
១០.ផ្នែកគណនេយ្យករ
អ្នកគិតលុយនៅតាមក្រុមហ៊ុន តាមហាង ក៏ជាការងារមួយដែលមានតម្រូវការខ្លាំងនៅលើទីផ្សារ អាចលៃលកដាក់ពាក្យបានមិនខ្វះទេ ៕