ក្រសួងឆ្លើយតប ជុំវិញបញ្ហាសិស្សឆ្នើមចង់បាននិទ្ទេស ដាក់អាហារូបករណ៍ ឬបួកទៅក្រៅប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសជាផ្លូវការហើយ គឺសិស្សទី ១២ ទូទាំងប្រទេស បានកំណត់ឱ្យជាប់ជាស្ថាពរ ដោយមិនមានកំណត់និទ្ទេសនោះទេ ។ ជុំវិញបញ្ហាមិនកំណត់និទ្ទេសបានធ្វើអ្នកអាណាព្យាបាល ក៏ដូចជាបេក្ខជនផ្ទាល់ មានកង្វល់ថា បើមិនមាននិទ្ទេសដូចនេះ តើពួកគេអាចទទួលបានអាហារូបករណ៍ របៀបណាវិញទៅ?
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាន ឆ្លើយតបជាមួយ «ប្រជាប្រិយ» នៅរសៀលថ្ងៃទី ១៧ ធ្នូ ២០២០ នេះថា យោងស្មារតីសេចក្តីជូនដំណឹងលេខ ៨៣ អយក.សជណ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនដំណឹងបន្ថែមស្តីពីទិដ្ឋភាពពាក់ព័ន្ធក្នុងពេលឆាប់ៗនេះ ។
ឯកឧត្ដមបន្តថា៖ «ចំពោះមុខក្រសួងអប់រំ យុវជន និងកីឡាសូមអបអរសាទចំពោះប្អូនៗដែលជាប់បាក់ឌុប និងឌីប្លូមទាំងអស់ ។ សូមប្អូនៗចាំថាការជាប់បាក់ឌុបស្វ័យប្រវត្តិនេះជាការចាប់ផ្តើមថ្មីមួយក្នុងជីវិតរបស់ប្អូនៗ មិនមែនជាទីបញ្ចប់ទេ ។ សូមចាំថាការសិក្សាមានពេញមួយជីវិត ។ ប្អូនៗអាចត្រៀមខ្លួនរៀនកម្រិតឧត្តមសិក្សា ឬរៀនជំនាញបច្ចេកទេសវិជ្ជាជីវ:តាមឧប្បនិស្ស័យនិងគោលបំណងជីវិតរៀងៗខ្លួន។ ចំណែកការជាប់ឌីប្លូម សូមប្អូនៗត្រៀមចូលរៀនថ្នាក់ទី១០» ៕