៥ ជំនាញនៅកម្ពុជា មិនសូវមានសិស្សស្រីរៀន តែអ្នកចប់មួយៗប្រាក់ខែដល់ខ្ទង់ពាន់ដុល្លារ
ការជ្រើសរើសមុខជំនាញសម្រាប់សិក្សា គឺជារឿងចាំបាច់បំផុតសម្រាប់សិស្សដែលទើបចប់បាក់ឌុប ឬសិស្សដែលចង់ចាប់ផ្ដើមជំនាញថ្មី ទន្ទឹមនឹងនោះយើងឃើញថា មានមុខជំនាញមួយចំនួនដែលទីផ្សារការងារកំពុងត្រូវការ តែធនធានដែលសិក្សាគឺសុទ្ធតែប្រុសៗ ដែលយើងឃើញថា បើសិនជាសិស្សស្រី មានចំណាប់អារម្មណ៍ចាប់យកជំនាញនេះ គឺអនាគតមានភាពងាយស្រួលក្នុងការជ្រើសការងារ ។ ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវមុខជំនាញ ៥ មុខ ដែលពុំសូវមានសិស្សស្រីរៀនសោះ ប៉ុន្តែកំពុងត្រូវប៉ាន់ទីផ្សារការងារ ដែលក្នុងនោះមានដូចជា ៖
១. វិស្វកម្មសំណង់ស៊ីវិល
ជាទូទៅ ហេដ្ឋារចនាសម្ព័ន្ធរបស់សង្គមជាតិ តែងធ្វើការអភិវឌ្ឍ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយតម្រូវការ អ្នកបច្ចេកទេសខាងផ្នែកសំណង់ស៊ីវិល ក៏ដូចជាវិស្វករ គឺកើនឡើងជារៀងរាល់ថ្ងៃដូចគ្នា ។ ក្នុងនោះដែរ នៅក្នុងវិស័យនេះផ្ទាល់ឃើញថា ភាគតិចណាស់ដែលមាននារីចាប់យកជំនាញនេះ ទាំងដែលដឹងថាសព្វថ្ងៃនេះ ទីផ្សារការងារផ្នែកសំណង់ស៊ីវិលមានច្រើនបែបច្រើនយ៉ាងណាស់ ដូចជា រៀបចំផែនការ រចនាសាងសង់ និងថែរក្សាផ្លូវ ទាំងផ្លូវគោក និងផ្លូវដែកសម្រាប់ប្រព័ន្ធដឹកជញ្ជូន, កំពង់ផែ, និងអគារ អាកាសយាន្តដ្ឋាន ស្ពាន ផ្លូវរូងក្រោមដី ទំនប់ទឹក និងសំណង់អគារ គ្រប់ប្រភេទ ដូចជា ខុនដូរ បុរី និងផ្ទះល្វែងជាដើម ។
២. វិស្វកម្មអគ្គិសនី
វិស្វកម្មអគ្គិសនី ជាជំនាញដែលសម្បូរទីផ្សារការងារ និងមានលទ្ធភាពទទួលបានប្រាក់ខែខ្ពស់ ។ ទន្ទឹមនឹងនោះយើងឃើញថា មាននិស្សិតស្រីភាគតិចណាស់ចាប់អារម្មណ៍ ចាប់យកជំនាញនេះ ទាំងដែលដឹងថា មុខវិជ្ជានេះ អាចឱ្យនិស្សិតទទួលបាននូវជំនាញ ច្បាស់លាស់ ផ្នែកខាងគ្រឿងអេឡិចត្រូនិចតូចៗ, វិស្វកម្មជីវឱសថសាស្ត្រ ការបង្កើត ប្រព័ន្ធឌីជីថល ឬក៏ Microwave វិស្វកម្មតម្លើងបង្គោលអង់តែន តម្លើងភ្លើងតាមសំណង់អគារនានា ដូចជា តាមហាងនានា បុរី និងផ្ទះល្វែងជាដើម ។
៣. កសិកម្ម
បើនិយាយពី កសិកម្ម ជាមុខវិជ្ជាដែលពុំសូវមានសិស្សស្រី ចាប់អារម្មណ៍រៀនច្រើននោះទេ ។ តែគេភ្លេចគិតថា ជំនាញនេះ ងាយស្រួលរកការងារ និងមានលទ្ធភាពអាចធ្វើជាថៅកែខ្លួនឯងបានទៀតផង ។ ជាក់ស្ដែងតាមរបាយការណ៍ សាលាជាតិកសិកម្មព្រែកលៀបបានឱ្យដឹងថា ចាប់តាំងពីបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៨៤ មក និស្សិតចំនួន ៩.៣០១ នាក់ បានបញ្ចប់ការសិក្សាពីសាលាជាតិកសិកម្មព្រែកលៀប ដែល និស្សិតទាំងនោះបានក្លាយជាអ្នកជំនាញកសិកម្ម ដែលមានតួនាទីសំខាន់ដូចជា ភ្នាក់ងារផ្សព្វផ្សាយ គ្រូបង្គោល ពាណិជ្ជករ អ្នករដ្ឋបាល លេខាធិការ អ្នកគ្រប់គ្រង នាយកនាយិការ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងអ្នកដឹកនាំផ្សេងទៀត ។ អ្នកជំនាញកសិកម្មទាំងនោះកំពុងបំរើការឲ្យស្ថាប័នរដ្ឋ ស្ថាប័នក្រៅរដ្ឋាភិបាល និងស្ថាប័នឯកជនក្នុងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងពាណិជ្ជកម្ម ជាដើម ។
៤. ព័ត៌មានវិទ្យា
សព្វថ្ងៃនេះ យើងឃើញថា ក្នុងមួយថ្នាក់ ជាមធ្យម មានសិស្សស្រីតែ ៩ ទៅ ១០នាក់ប៉ុណ្ណោះ ដែលសិក្សាជំនាញនេះ ទាំងដែលដឹងថា គ្រប់ស្ថាប័នសុទ្ធតែត្រូវការជំនាញនេះជាចាំបាច់ ។ ជាក់ស្ដែង ក្រោយពីបញ្ចប់ការសិក្សា និស្សិតអាច បំពញការងារនៅ តាមក្រុមហ៊ុន អង្គការ និងស្ថាប័នរដ្ឋ ទៅតាមជំនាញរៀងៗខ្លួន រួមមានដូចជា អ្នកបង្កើតគេហទំព័រ អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ អ្នកគ្រប់គ្រងព័ត៌មានវិទ្យា អ្នកគ្រប់គ្រងទិន្នន័យ អ្នកសរសេរកម្មវិធីកុំព្យូទ័រ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ និស្សិតអាចមានឱកាសបើកអាជីវកម្មដោយខ្លួនឯងផងដែរ តាមរយៈការចងក្រង ជាក្រុមឯកទេសបង្កើតវិបសាយ ឬសរសេរកម្មវិធីសម្រាប់អាជីវកម្មខ្នាតតូច ឬសរសេរកម្មវិធីហ្គេមជាដើម ។
៥. វិស្វកម្មមេកានិច
មុខជំនាញ វិស្វកម្មមេកានិច មិនខុសពីមុខជំនាញខាងលើប៉ុន្មាននោះទេ គឺពុំសូវមានសិស្សស្រីចាប់អារម្មណ៍សិក្សាឡើយ ដោយសារវាចាំបាច់ត្រូវប្រើកំលាំងខ្លាំងដូចបុរស ។ ប៉ុន្តែបើបានបញ្ចប់ការសិក្សា ទៅលើមុខជំនាញនេះ សិស្សនិស្សិតមានឱកាសងាយទទួលបានការងារធ្វើ នឹងទទួលបានប្រាក់ខែខ្ពស់ ដែលការងារភាគច្រើនមានដូចជា ធ្វើការនៅ រោងចក្រផលិតគ្រឿងយន្តឬម៉ាស៊ីន ធ្វើការនៅក្នុងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកមេកានិច ធ្វើការជាអ្នកលក់បច្ចេកទេស ធ្វើការជាអ្នកត្រួតពិនិត្យនៅក្នុងរោងចក្រដែលទាក់ទងនឹងម៉ាស៊ីន អាចក្លាយជាអ្នកគ្រប់គ្រង ឬជាសាស្ត្រាចារ្យ ព្រមទាំងអាចធ្វើជាថៅកែខ្លួនឯងទៀតផង ក្នុងករណីយើងមានដើមទុនគ្រប់គ្រាន់ ៕