
ស្ត្រីជនជាតិវៀតណាមម្នាក់ អាយុ ៦២ ឆ្នាំ ដែលរៀបការជាមួយស្វាមីវ័យក្មេងអាយុ ២៦ ឆ្នាំ ថ្មីៗនេះ បានទៅធ្វើការវះកាត់កែសម្ផស្ស ដោយចំណាយប្រាក់ជាង ៤ ពាន់ដុល្លារ ទៅលើការវះកាត់មួយចំនួនលើផ្នែកច្រមុះ និងតំបន់ចិញ្ចើមរបស់នាង ។
ការសម្រេចចិត្តទៅកែសម្ផស្សនេះ ស្ត្រីរូបនេះបាននិយាយថា នាងមិនមែនធ្វើវា ដោយសារគិតថាខ្លួនមិនស័ក្តិសមនឹងប្ដីខ្លួននោះទេ ប៉ុន្តែនាងធ្វើវា ដោយសារតែខ្លួនចង់កែទៅឲ្យមើលទៅឃើញស្អាត ។
គួរបញ្ជាក់ថា គូស្នេហ៍ខុសវ័យមួយគូនេះ បានរៀបការនឹងគ្នានៅក្នុងឆ្នាំ ២០១៨ ។ បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន VnExpress បានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមរូបនេះ បានជួបជាមួយនឹងប្ដីសំណព្វរបស់នាង នៅក្នុងហាងកាហ្វេរបស់នាងផ្ទាល់ ។ ដំបូងឡើយ ប្ដីរបស់នាង គឺជាអតិថិជនទូទៅធម្មតា ប៉ុន្តែបុរសរូបនេះ ហាក់បង្ហាញអារម្មណ៍ចូលចិត្តលើរូបនាង ដោយនាងត្រឹមគិតលើរូបគេជា ប្អូនប្រុសម្នាក់ប៉ុណ្ណោះ ។
នៅពេលមួយ បុរសសង្ហាររូបនេះ បានសុំនាងរៀបការ ភ្លាមៗ នាងបានបដិសេធ ដោយគិតថា បុរសរូបនោះលេងសើចនឹងនាង ប៉ុន្តែក្រោយមក នាងក៏បានចាប់អារម្មណ៍ថា រូបគេគឺមានបំណងរៀបការនឹងនាងពិតប្រាកដមែន រហូតដល់តាមនាងរហូតទាល់តែនាងព្រមរៀបការជាមួយ ។ រហូតមកទល់ពេលនេះ ចំណងស្នេហ៍របស់ពួកគេ នៅតែរឹងមាំ ពោរពេញដោយសុភមង្គល ៕
ប្រភព៖ WorldOfBuzz
អត្ថបទដោយ៖ Trassi