
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ អាជា្ញធរនៃប្រទេសថៃបានរកឃើញករណីការលួចជួញដូរគ្រឿងញៀនប្រមាណ ៤ ៨០០ ០០០ គ្រាប់ ដឹកតាមរថយន្ត ។
ក្រោយការស៊ើបអង្កេតអស់រយៈពេល ៣ ខែកន្លងមកនោះ សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទបានប្រើប្រាស់ឡានវែន និង រួមជាមួយព្រះសង្ឃបន្លំខ្លួនក្នុងការជួញដូរនេះ ដើម្បីកាត់បន្ថយការសង្ស័យពីអាជ្ញាធរ ។ សមត្ថកិច្ចបានបន្តទៀតថា ជនជាប់ចោទបានជួលបន្ទប់ ១ កន្លែង ដែលស្ថិតនៅក្នុងខេត្តឆៃយ៉ាណាត ធ្វើជាកន្លែងផ្ទុកថ្នាំ ដើម្បីត្រៀមដឹកជញ្ជូនចេញទៅលក់ ។
ក្នុងចម្លើយសារភាព ជនសង្ស័យជាព្រះសង្ឃបានសារភាពថា ខ្លួនពិតជាបានដឹងថានៅក្នុងរថយន្តមានផ្ទុកគ្រឿងញៀន ហើយក៏ធ្លាប់បានធ្វើរឿងនេះមកអស់រយៈពេល ៤ លើករួចមកហើយ ដើម្បីត្រូវការលុយរៀនសូត្របន្តនៅក្នុងថ្នាក់ឧត្តមសិក្សា ។
ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតបាននូវប្រភេទថ្នាំអំហ្វេតាមីន កាំភ្លើង ១ ដើម រថយន្ត ២ គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យបាន ៥ នាក់ ហើយបច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅដោះស្រាយទៅតាមផ្លូវច្បាប់ហើយ ៕
ប្រភព ៖ ejan
អត្ថបទដោយ៖ សាកល