
ក្មេងប្រុស ប៉ិច ធារ៉ា ដែលតស៊ូយកកង់ចាស់ខ្លួនទៅប្រណាំងក្នុងព្រឹត្តិការណ៍ប្រណាំងកង់កាលពីកន្លងទៅនេះ ពេលនេះកំពុងឈរញញឹមញញែមរំភើបចិត្ត ក្រោយពីឃើញផ្ទះថ្មីរបស់ខ្លួនសាងសង់ជិតរួចរាល់ ក្រោមជំនួយរបស់ថៅកែពេជ្រ ទ្រី ដាណា ហើយផ្ទះថ្មីនេះគឺជាក្តីប្រាថ្នារបស់ប្អូនប្រុស ដែលចង់ឃើញឪពុកម្តាយមានផ្ទះត្រឹមត្រូវសម្រាប់ស្នាក់នៅដូចគេ ។
យោងតាមទំព័រផេក ទ្រី ដាណា Dana Try បានសរសេរៀបរាប់ថា «ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា ដែលតស៊ូចូលរួមប្រកួតជាមួយកង់ចាស់ ។ មានគេសួរខ្ញុំថា ជួយគេរាល់ដង រើសមនុស្សអត់ ជួយក្មេង ឬ ចាស់ ជួយបានប៉ុន្មាននាក់ហើយ? ខ្ញុំថា មិនរើសទេ ឱ្យតែលំបាកពិតប្រាកដ ហើយមានការតស៊ូក្នុងជីវិត ។ រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដឹងថាជួយបានប៉ុន្មាននាក់ហើយដែរ ព្រោះមិនដែលសរុប មិនដែលយកមកគិតឡើងវិញ សំខាន់ជាការពេញចិត្តធ្វើ ដោយមិនគិតថាបានអ្វីតបស្នងមកវិញ ។ រាល់ដងឱ្យតែខ្ញុំជួយគេ ហើយគេញញឹម គេសន្យាថាមិនបាក់ទឹកចិត្ត នោះហើយជាអ្វីដែលខ្ញុំចង់បាន ។ សូមអរគុណដល់កាកបាទក្រហម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ។ យើងត្រូវរួមគ្នាផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ទើបប្រជាជនអាចរួចផុតពីការលំបាក» ៕
អត្ថបទដោយ៖ Kunthea Set