
ពាក្យចាស់លោកតែងពោលថា វាសនាមនុស្សមើលមិនឃើញ ពាក្យនេះពិតជាមិនខុសនោះទេ គ្មាននរណាម្នាក់អាចកំណត់ពីជោគវាសនារបស់ខ្លួន ថាទៅថ្ងៃមុខនឹងប្រែប្រួលទៅជាយ៉ាងណានោះ ។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់ៗមានការខិតខំព្យាយាម បូករួមនឹងឱកាសផងនោះ គេនឹងអាចដើរទៅរកផ្លូវជោគជ័យនៅថ្ងៃណាមួយមិនខាន ។ ដោយឡែកនៅក្នុងចុងឆ្នាំ ២០២០ នេះ មហាជនបានសម្គាល់ឃើញថា មានកុមារា និងកុមារី ២ រូប បានផ្លាស់ប្ដូរវាសនារបស់ខ្លួនត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ។
ដោយសារឥទ្ធិពលរូបថតបង្កប់ទៅដោយអត្ថន័យ ស្ដែងឱ្យឃើញពីភាពស្មោះត្រង់ ការអត់ធ្មត់ តស៊ូ ពុះពារក្នុងជីវិតរបស់ពួកគេ បានធ្វើឱ្យរូបភាពទាំងនោះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ។ ក្នុងនោះរួមមាន៖
១.កុមារា ប៉ិច ធារ៉ា
ធារ៉ា ជាក្មេងប្រុសមួយរូបមកពីគ្រូសារក្រលំបាក មានឪពុកជាកម្មករសំណង់ និងម្ដាយមានជំងឺប្រចាំកាយ មានស្រុកកំណើតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ក្មេងប្រុសរូបនេះត្រូវបានមហាជនអាណិតអាសូរ និងកោតស្ញប់ស្ញែងជាពន់ពេក បន្ទាប់ពីរូបគេបានទៅចូលរួមការប្រកួតប្រណាំងកង់មួយ ដោយមិនមានសម្ភារៈគ្រប់គ្រាន់ មានត្រឹមកង់ចាស់មួយតម្លៃត្រឹម ២ ម៉ឺនរៀល គ្មានស្បែកជើង គ្មានមួក ។ រូបភាពនៃការចូលរួមប្រណាំងកង់នោះ ត្រូវបានបងប្រុសម្នាក់ដែលជាអ្នកជំនាញថតរូបដ៏ល្បីម្នាក់ឈ្មោះ កឹម សុវណ្ណា បានថតយ៉ាងស្អាតស្ដែងឱ្យឃើញពីការប្រឹងប្រែងមិនបោះបង់របស់ក្មេងប្រុសរូបនេះ និងល្បីល្បាញពេញបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ។
បន្ទាប់មកមានមហាជនជាច្រើនជាពិសេសសប្បុរសជនបានឧបត្ថម្ភដល់កុមារា ប៉ិច ធារ៉ា ជាបន្តបន្ទាប់ដូចជាទទួលបានកង់ថ្មី សម្ភារៈសិក្សា សំលៀកបំពាក់ ពិសេសបំផុតនោះអ្នកស្រី ទ្រី ដាណា បានជួយសង់ផ្ទះឱ្យមួយខ្នង លោកអគ្គនាយកសាលាប៊ែលធី លោក លី ឆេង បានផ្ដល់អាហារូបករណ៍សិក្សាដល់ចប់ថ្នាក់ទី ១២ ។ ជីវិតរបស់ប្រុសដ៏កម្សត់រូបនេះបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ហើយទៅថ្ងៃមុខ ធារ៉ា ប្រាកដជាអាចជួយឱ្យក្រុមគ្រួសាររបស់គេល្អប្រសើរជាងនេះ តាមរយៈការអំណត់អត់ធន់នេះហើយ ។
លោក កឹម សុវណ្ណា
២.កុមារី យ៉ង់ ស្រីនីត
ស្រីនីត ជាក្មេងស្រីនៅភូមិភាគឦសានទឹកដីខេត្តមណ្ឌលគីរី មានសម្រស់ស្រស់ស្អាតពីធម្មជាតិ ជាមួយនឹងសម្បុរស្រអែមស្រស់ ចិញ្ចើមក្រាស កែវភ្នែកដ៏មុតស្រួច ។ តាមរយៈរូបថតដ៏ស្រស់ស្អាតរបស់ក្មេងស្រីរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសម្រស់ធម្មជាតិគ្មានការកែច្នៃរបស់នាងប្រៀបដូចកូនកាត់បញ្ចឹមប្រទេស ។ បន្ថែមលើពីនេះ អ្វីដែលធ្វើឱ្យមហាជនមានក្ដីអាណិតអាសូរនោះ ព្រោះរូបនាងមានជីវិតតស៊ូ លំបាក មកពីគ្រួសារក្រខ្សត់ ដើរលក់ចេកឆាបឱ្យភ្ញៀវទេសចរ ហើយពិសេសនោះនាងមានក្ដីស្រម៉ៃក្លាយជាទៅជាគ្រូបង្រៀនម្នាក់ និងជាអ្នកសិល្បៈដ៏ល្បីល្បាញមួយរូបទៅថ្ងៃអនាគត ។
រូបថតរបស់កុមារី យ៉ង់ ស្រនីត ត្រូវបានថតដោយបុរសម្នាក់មានទំព័រហ្វេសប៊ុកឈ្មោះ ចៅមាណព Chavmeanup ។ បន្ទាប់មករូបភាពរបស់នាងកាន់តែទទួលបានភាពល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យនាងអាចសម្រេចនូវក្ដីសុបិននាងត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ នាងត្រូវបានលោកពាក់មី ទទួលមកថតខ្សែភាពយន្តមួយ និងទទួលបានការថតសម្អាងការជាបន្តបន្ទាប់ និងបានឡើងកម្មវិធីទូរទស្សន៍របស់ស្ថានីយទូរទស្សន៍ PNN ។
លោក ចៅ មាណព
អ្វីដែលកាន់តែគួរឱ្យរំភើបនេះលោកឧកញ៉ា ស្រី ចាន់ថន បានសម្រេចក្ដីស្រម៉ៃនាង ដោយជួយសង់ផ្ទះឱ្យ ១ ខ្នង ផ្ដល់ការងារមួយឱ្យឪពុកនាង ផ្ដល់ការសិក្សាដល់នាង ទិញកង់ថ្មី និងផ្ដល់ជូនសម្ភារៈសិក្សាសំលៀកបំពាក់ ព្រមទាំងថវិកាមួយចំនួនទៀតផង ៕
អត្ថបទដោយ៖ Chanreth