អ្នកនៅភ្នំពេញ បើ Stress ច្រើន ហើយចង់ដើរលេងកម្សាន្ត តែមិនចង់ទៅឆ្ងាយ អាចសាកតំបន់ទេសចរណ៍ និងលម្ហែកាយ ទាំង ៣ន្លែងខាងក្រោមនេះបាន ព្រោះវាមានទីតាំងនៅជិតភ្នំពេញបង្កើយ ស្រួលទៅស្រួលមក ចំណាយពេលតែ ៣០ ទៅ ៤០ នាទីក៏ទៅភ្លាម ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំ តំបន់ទេសចរណ៍ និងលម្ហែកាយ នៅជិតរាជធានីភ្នំពេញដូចខាងក្រោម៖
១. មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ
មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ២៤ ភូមិដីឥដ្ឋកោះផុស ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ។
នៅទីនោះភ្លៀវទេសចរណ៍ អាចកម្សាន្តលេងសប្បាយជាមួយឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កូក្រឡាប់ចាក់ រថយន្តប្រណាំង កន្ត្រកវិល និងពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ។ បន្ថែមពីនេះ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ គឺជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេសដែលរួមបញ្ចូលនូវសួនផ្កាចម្រុះ ពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយតែម្តង ។
មជ្ឈមណ្ឌលកម្សាន្ដនេះ បើកទ្វាទទួលភ្ញៀវទេសចរចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ។ ចំណែកឯ តម្លៃសំបុត្រវិញមានចាប់ពី ៤ ដុល្លារ រហូតដល់ ៤០ដុល្លារ ។ សម្រាប់សំបុត្រតម្លៃ ៤០ ដុល្លារ គឺអ្នកទេសចរអាចលេងរាល់ឧបករណ៍កម្សាន្តទាំងអស់បាន ។
២. តំបន់លម្ហែកាយ ស្កាយលែន
ស្កាយ លែន គឺជាតំបន់លម្ហែ កាយមួយកន្លែង ដែលនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ ប៉ុន្មាននោះ គេឃើញមានភ្ញៀវទេសចរទៅលេងកម្សាន្តទៅទីនោះជាហូរហែ មិនដែលដាច់ ។ បើភ្ញៀវទេសចរចង់ទៅលេងកម្សាន្តនៅទីនោះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ទៅដល់ស្ពានព្រែកតាមាក់ ឆ្លងកាត់វិហារសួគ៌ក៏បាន ឬ អាចឆ្លងសាឡាងអារិយក្សត្រ ឬ កឺឆ្លងសាឡាងស្វាយជ្រុំទៅក៏បាន ហើយវាជិតផងដែរ ។
មុននឹងឈានចូលដល់ ស្កាយ លែន ភ្ញៀវទេសចរ ប្រាកដជានឹងបានឃើញទេសភាពដ៏ស្រស់បំព្រង នៃបឹងឈូកដ៏ធំល្វឹងល្វើយ អមតាមដងផ្លូវ 7NG ឆ្ពោះទៅកាន់ស្កាយ លែន ។ នៅតាមដងផ្លូវ ពីខាងមុខ នៃ ស្កាយ លែន ក៏មានបងប្អូនប្រជាពលរដ្ឋនៅទីនោះ មានដាក់តាំងលក់នូវ នំចំណី និងអាហារផងដែរ ។
ចំពោះនៅក្នុង រមណីយដ្ឋាន ស្កាយ លែន វិញ ភ្ញៀវតេសចរ និងឃើញទេសភាព ដ៏ស្រស់ស្អាត នៃសួនផ្ការដ៏ធំ រីកសាយភាយក្លិនដ៏ក្រអូប និងមានរូប សត្វដៃណូសើ និងមនុស្សយន្ត ត្រៀបត្រានៅទីនោះ ។ នៅទីនោះក៏មានភោជនីយដ្ឋាន និងខ្ចុះ សម្រាប់ឱ្យភ្ញៀវទេសចរណ៍អង្គុយសម្រាកផងដែរ ។
៣. Garden City Water Park
Garden City Water Park គឺជាសួនទឹកធំបំផុតនៅប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញជាប់នឹងសួនសត្វ « ភ្នំពេញ សាហ្វារី » ។
នៅទីនោះភ្ញៀវទេសចរ អាចកម្សាន្តលេងសម្បាយជាមួយសួនទឹកដ៏ធំ លើផ្ទៃដីទំហំ ៦ ហិកតា ជាមួយនឹង កន្លែងសំខាន់ៗដូចជា ឋានសួគ៌រលក ឋានសួគ៌កុមារ និង ស្គីរលក ទរអិលទឹកខ្នាតអន្តរជាតិទៀតផង ហើយនៅទីនោះក៏មានភោជនីយដ្ឋានសម្រាប់ភ្ញៀវទេសចរផងដែរ ៕