
នៅមុនថ្ងៃពិធីមង្គលការមកដល់ចាស់ទុំទាំងសងខាង ព្រមទាំងកូនក្រមុំ កូនកំលោះ បានពិគ្រោះគ្នាយ៉ាងយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យពិធីប្រព្រឹត្តិទៅដោយរលូន និងទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម ។ យ៉ាងណាក្ដីទោះបីគិតគូរហ្មត់ចត់ប៉ុណ្ណាក៏មិនអាចជៀសផុតពីចំណុចខ្វះខាត ដែលធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តពីភ្ញៀវដែលទៅចូលរួមនោះ ។
១.ក្រុមចម្រៀងអកកេសស្លៀកពាក់សិចស៊ីហួសហេតុ និងច្រៀងរឡេរឡូស្ដាប់មិនបាន
ក្រុមចម្រៀងសម័យជាផ្នែកមួយដែលញ៉ាំងឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ប៉ុន្តែសូមម្ចាស់កម្មវិធីជួយប្រាប់ម្ចាស់តន្ត្រីមុនមកសម្ដែងឱ្យភ្ញៀវទស្សនា ។ ត្រូវចាំថាភ្ញៀវដែលទៅចូលរួមសុទ្ធតែមនុស្សចាស់ទុំភាគច្រើន និងជាមនុស្សដែលយើងសម្រិតសម្រាំងមុនអញ្ជើញ ។ ពេលខ្លះការសម្ដែងកន្ត្រាក់កន្ទ្រើកស្លៀកពាក់ស្ទើរលេចលើលេចក្រោម ធ្វើឱ្យបាត់បង់នូវសេចក្ដីថ្លៃថ្នូរ និងប៉ះពាល់ដល់កម្មវិធីផងដែរ ។ ដូច្នេះគួរតម្រូវឱ្យអ្នកសម្ដែងទាំងនោះស្លៀកពាក់សមរម្យ ជ្រើសរើសបទចម្រៀងដែលស័ក្ដិសមទៅនឹងកម្មវិធីផង ។
រូបតំណាង
២.ម្ហូបមិនឆ្ងាញ់
ចំណុចធំជាងគេគឺរឿងម្ហូបសម្រាប់ទទួលភ្ញៀវ កុំព្រោះតែចង់ចំណេញធ្វើម្ហូបធម្មតាៗពេកក៏ធ្វើឱ្យបាក់មុខម្ចាស់កម្មវិធីដែរ ។ សំខាន់ភ្ញៀវដែលទៅគឺគេនឹងចាំមើលថាតើមុខម្ហូបអ្វីខ្លះដែលត្រៀមស្វាគមន៍ភ្ញៀវ បើចេញមកឆា ស្ងោ ស្ទើរសាច់ ស្ទើរបន្លែ គ្មានរសជាតិ ភ្ញៀវនឹងរិះគន់ខ្លាំង អ្នកខ្លះទៀតគេមិនចាំដល់អស់ម្ហូបផង គេចេញទៅមុនហើយ ។ ម្ចាស់កម្មវិធីគួរចាត់ចែងលៃលកយ៉ាងណាជ្រើសរើសបញ្ជីមុខម្ហូបឱ្យសមរម្យឱ្យស័ក្ដិសមទៅនឹងកិត្តិយសគ្រួសារផង ។
រូបតំណាង
៣.មិនឃើញម្ចាស់កម្មវិធីចេញស្វាគមន៍
ពេលទៅអញ្ជើញភ្ញៀវផ្អែមល្ហែម រួសរាយរាក់ទាក់ណាស់ តែពេលភ្ញៀវទៅដល់មិនដឹងម្ចាស់កម្មវិធីនៅឯណា ឃើញតែនៅក្បែរកន្លែងកត់ចំណងដៃឯណោះ ។ យកល្អម្ចាស់កម្មវិធីគួរនៅមុខរោងជាប្រចាំ ហើយគួររកកូនចៅ បងប្អូន សាច់ញាតិជួយកត់ចំណងដៃវិញ ។ ចំណុចនេះម្ចាស់កម្មវិធីខ្លះក៏ធ្វើបានល្អប្រសើរ តែនៅមានមួយចំនួនទៀតដែលគិតរឿងលុយជាធំជាងភ្ញៀវមកចូលរួម ៕
អត្ថបទដោយ៖ Chanreth