
នាព្រឹកថ្ងៃទី ០២ ខែវិច្ឆកា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានស្តីពី ការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មី ចំនួន ១ នាក់បន្ថែមទៀត នៅលើស្រ្តីជនជាតិខ្មែរ អាយុ ៣១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ។
ជាមួយគ្នានោះដែរ លទ្ធផលនេះត្រូវបានរកឃើញបន្ទាប់ពី ធ្វើតេស្តវត្ថុសំណាកលើកទី ២ នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័កទៅហើយ ដោយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
គួរបញ្ជាក់ផងដែរថា តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិប៉ូឡូញម្នាក់ បានធ្វើតេស្តលើកទី ១ ពេលមកដល់កម្ពុជានោះគឺ វិជ្ជមានវីរុសកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ រីឯអ្នកដំណើរចំនួន ៥២ នាក់ដែលតេស្តអវិជ្ជមាននៅពេលនោះត្រូវដាក់ឱ្យនៅធ្វើចត្តាឡីស័កនៅ ៣ កន្លែងក្នុងរាជធានីភ្នំពេញ ចំនួន ២៦ នាក់ និង ២៦ នាក់ទៀត នៅមណ្ឌលទ័ពអាកាស ក្នុងនោះមានស្រ្តីដែលរកឃើញកូវីដ ១៩ ខាងលើនេះដែរ ។ ដូច្នេះអ្នកដំណើរដែលនៅមណ្ឌលទ័ពអាកាសទាំង ២៥ នាក់ ដែលមានហានីភ័យ ឆ្លងពីស្ត្រីខាងលើ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាព ៕
អត្ថបទដោយ៖ ចាន់ត្រា