
នៅក្នុងឆ្នាំ ២០២០ នេះ ចំនួនសត្វចង្កៀលខ្យងបានកើនឡើងរហូតដល់រាប់ពាន់ក្បាល និង មានសម្បុកពងកូនយ៉ាងតិចចំនួន ២១៨៦ នៅលើដើមរាំងចំនួន ២៧០ ដើម ដោយនេះជាចំនួនកើនឡើងនៃសត្វចង្កៀលខ្យងនៅតំបន់បឹងព្រែកល្ពៅ គិតតាំងពីឆ្នាំ ២០០៣ ដែលមានចំនួនប្រហែលជាងមួយរយក្បាលប៉ុណ្ណោះ ។
ការធ្វើសម្បុកនេះជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង ១៥ ឆ្នាំចុងក្រោយនេះ ហើយចំនួនសត្វនេះដែរបាននឹងកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ នេះបើយោងតាមមន្រ្តីឧទ្យានុរក្ស និង មន្រ្តីជីវៈចម្រុះ ។
បឹងព្រែកល្ពៅគឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និង ត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យ លេខ ៩០ អនក្រ.បក ចុះនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៦ ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅស្រុកបូរីជលសារ និង ស្រុកកោះអណ្តែត ខេត្តតាកែវ ។ តំបន់ដីសើមនេះមានសារសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និង ជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និង សត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វ និង រុក្ខជាតិមួយចំនួនមិនទាន់បានកត់ត្រាលម្អិតនៅឡើយទេ ។
អង្គការ BirdLife ក្រោមកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការគាំទ្រដល់ការអង្កេតតាមដានជីវៈចម្រុះនៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅបាននឹងកំពុងគាំទ្រដល់សត្វក្រៀលរកចំណីនៅរដូវមិនបន្តពូជប្រមាណ ៣០% នៃចំនួនសត្វក្រៀលសរុបទូទាំងប្រទេស និង បានគាំទ្រដល់សត្វស្លាបផ្សេងៗទៀតប្រមាណជា ១២៩ ប្រភេទ ព្រមទាំងបានផ្តល់គុណតម្លៃសេវាកម្មអេកូឡូស៊ី (ត្រី ទឹក កសិកម្ម…) ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញ ក្នុងតម្លៃប្រមាណជាងពីរលានដុល្លាអាមេរិចក្នុងមួយឆ្នាំ ៕
អត្ថបទដោយ៖ ដេវីត