ចង់ជោគជ័យមុនអាយុ ៣០ ឆ្នាំ ត្រូវសួរខ្លួនឯងថាបានធ្វើរឿង ៤ យ៉ាងនេះឬនៅ?
ពាក្យថាភាពជោគជ័យ គឺជាការកំណត់របស់បុគ្គលម្នាក់ៗ អ្នកខ្លះនៅពេលដែលបញ្ចប់ការសិក្សា មានការងារល្អមួយ ប្រាក់ខែសមរម្យ គេក៏គិតថានោះហើយជាភាពជោគជ័យរបស់គេ ។ យ៉ាងណាមិញបើអ្នកចង់ជោគជ័យទាំងវ័យក្មេងពោលគឺនៅមុនអាយុ ៣០ ឆ្នាំ តើអ្នកគួរតែធ្វើអ្វីខ្លះនៅកំឡុងពេលដែលវ័យរបស់អ្នកកំពុងលូតលាស់នោះ ។ ខាងក្រោមនេះជាបទពិសោធន៍ជាក់ស្ដែងរបស់បុគ្គលមួយចំនួនដែលគេអាចដើរដល់ចំណុចមួយដែលខ្លួនឯងចង់បាន ។ ក្នុងនោះរួមមាន៖
១.ការបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលពូកែៗ
ការសេពគប់មនុស្សគឺជាចំណែកមួយជួយឱ្យដំណើរទៅរកភាពជោគជ័យរបស់អ្នកកាន់តែទៅដោយរលូន ។ អ្នកពូកែ អ្នកដែលមានបទពិសោធន៍ អ្នកដែលមានចំណេះដឹងទូលំទូលាយ គឺជាប្រភពព័ត៌មាន ប្រភពគន្លឹះចំណេះដឹង ដែលអ្នកអាចរៀនសូត្រពីពួកគេបាន ។ ការមានទំនាក់ទំនងល្អជាមួយបុគ្គលទាំងនោះអ្នកនឹងទទួលបានឱកាសច្រើនមិនថាការសិក្សា ឬការងារឡើយ ។
រូបភាពដោយ៖ Heng Visal |
២.ភាពក្លាហានបន្ថែមពីលើសមត្ថភាពដែលមានស្រាប់
ភាពក្លាហានពិតជាសំខាន់ណាស់ ប្រសិនបើអ្នកមានសមត្ថភាពខ្លាំងពូកែ តែអ្នកមិនបង្ហាញ មិនសាកល្បងធ្វើអ្វីដែលខ្លួនឯងគិតថាធ្វើបានក៏មិនងាយរីកចម្រើនទៅមុខដែរ ។ ត្រូវបោះជំហានដោយភាពជោះជាក់លើអ្វីដែលខ្លួនឯងមាន កុំទាន់គិតពីឧបសគ្គនៅខាងមុខ ។ បើអ្នករាថយមុនបាត់ទៅហើយ នោះភាពជោគជ័យមិនរត់មករកអ្នកនោះទេ ។
៣.ភាពប្រាកដប្រជាលើអ្វីដែលខ្លួនឯងកំពុងធ្វើ
កុំឡេះឡោះ កុំលេងសើច កុំម្ដងទៅនេះ ម្ដងទៅនោះ ចាប់អ្វី ឬធ្វើអ្វី សូមឱ្យប្រាកដប្រជាមានគោលជំហរច្បាស់លាស់ ។ បើអ្នកធ្វើអ្វីមួយមិនទាន់ទាំងដឹងលទ្ធផលផងស្រាប់តែស្រវាទៅធ្វើរឿងផ្សេង ធ្វើនេះផង ធ្វើនោះផង ចុងក្រោយអ្នកគ្មានជំនាញមួយដែលច្បាស់លាស់សម្រាប់ខ្លួនឯងឡើយ ។
រូបភាពដោយ៖ Heng Visal |
៤.ត្រូវប្រាកដថាមានចំណុចខ្លាំងគ្រប់គ្រាន់លើការប្រកួតប្រជែង
ទីផ្សារនៃការប្រកួតប្រជែងកាន់តែខ្លាំង អ្នកដែលមានសមត្ថភាពកាន់តែសម្បូរបែប ។ ដូច្នេះហើយបើអ្នកមិនពង្រឹងចំណុចខ្សោយរបស់ខ្លួនឯង អ្វីដែលអ្នកទទួលបានក៏វាអាស្រ័យទៅលើលទ្ធផលដែលអ្នកបញ្ចេញដែរ ។ ដូច្នេះហើយត្រូវសិក្សាមើលខ្លួនឯងបន្ថែមទៀតថា តើចំណុចខ្សោយអ្វីខ្លះដែលអ្នកគួរតែកែប្រែ ឬគួរបំពេញបន្ថែមទៀត ៕