
យោងតាមទំព័រផេករបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២៣ តុលា ២០២០ បានចេញសេចក្តីជូនដំណឹងមួយជាបន្ទាន់ ប្រកាសបិទផ្លូវជាតិ លេខ ២ ទាំងស្រុងជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមរយៈការជូនសំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា «ដោយស្ថានភាពទឹកជំនន់បាននឹងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលឱ្យទឹកហូរច្រោះបាក់ជើងទេរផ្លូវ ។ ដូច្នេះដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី» ។
គួរបញ្ជាក់ផងដែរថា ការបិទធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ២ នេះដែរ គឺចាប់ពីចំណុចរង្វង់មូលកួរស្រូវដល់ព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដោយឡែកត្រង់ចំណុចពីរង្វង់មូលកួរស្រូវដល់ព្រំប្រទល់ក្រុងតាខ្មៅ ខេត្តកណ្តាល គឺនៅតែអនុញ្ញាតឱ្យធ្វើចរាចរណ៍បានធម្មតា ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដែលផ្តល់ព័ត៌មានដល់សារព័ត៌មាន Fresh News ៕
អត្ថបទដោយ៖ Kunthea Set