វត្តបូណ៌ ឬ វត្តរាជបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ។
ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អពិចិត្រនៃសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំជាដើម ។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះក្នុងបំណងអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាបុរាណកាលឱ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ ។
ផ្នែកសំខាន់ដែលក្រុមការងារបច្ចេកទេសអាជ្ញាធរអប្សរា និង អ្នកជំនាញអ៊ីតាលី បានផ្តោតលើការជួសជុល មានក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានិភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាង ដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប ។
បន្ទាប់ពីការជួសជុលរួចរាល់នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ វត្តរាជបូណ៍ បានកែប្រែមុខមាត់ថ្មី ប៉ុន្តែបន្សល់ទុកនូវរចនាបថដើមបានយ៉ាងល្អប្រណិត ។ សំណង់ដែលលេចធ្លោជាងគេនោះគឺព្រះវិហារបុរាណពណ៌ស និង មហាកុដិ វត្តរាជបូណ៍ ផ្ទាល់តែម្តង ៕
ចង់ដឹងរចនាបថវត្តរាជបូណ៌មានលក្ខណៈស្រស់ស្អាតយ៉ាងណាសូមទស្សនានៅក្នុងរូបខាងក្រោម៖
ប្រភព៖ អាជ្ញាធរអប្សរា
រូបភាព៖ Moeun Chamroeun