
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគ្គលេខាធិការដ្ឋាន បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានមនុស្សស្លាប់ដោយទឹកជំនន់ច្រើនជាងគេ រហូតដល់ទៅ ២២ នាក់ គិតចាប់ពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២២ តុលា ២០២០ ក្នុងចំណោមមនុស្ស ៣៩ នាក់ ដែលបានស្លាប់បាត់បង់អាយុជីវិតដោយទឹកជំនន់ ។
ពលរដ្ឋ ដែលបានស្លាប់ដោយសារទឺកជំនន់នោះរួមមាន ខេត្តពោធិ៍សាត់ ៦ នាក់, បន្ទាយមានជ័យ ២២ នាក់, ប៉ៃលិន ១ នាក់, ព្រះសីហនុ ២ នាក់, កំពង់ធំ ៦ នាក់, ស្ទឹងត្រែង ១ នាក់ និងកំពង់ឆ្នាំង ១ នាក់ ។ ក្រៅពីមានការស្លាប់បាត់បងអាយុជីវិតប្រជាពលរដ្ឋទាំង ៣៩ នាក់ ដោយទឹកជំនន់នេះ ក្នុងនោះដែរក៏មានប្រជាជនប្រមាណ ១២០,៧៨៥ គ្រួសារ ស្មើនឹងប្រមាណ ៤៨៣,១៤០ នាក់ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយមានប្រជាជនប្រមាណ ១១,៥៥៤ គ្រួសារ ស្មើនឹង ៤៦,២១៦ នាក់ ត្រូវបានសមត្ថកិច្ចជម្លៀសយកទៅទីទួលសុវត្ថិភាព ។
គួររំលឹកផងដែរថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យ ១៩ រាជធានី-ខេត្ត ស្មើនឹង ១១០ ក្រុង/ស្រុក/ខណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា រងផលប៉ះពាល់ ។ រាជធានី-ខេត្ត ទាំង១៩ ដែលរងផលប៉ះពាល់ទាំងនោះរួមមាន ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ ៕
សូមមើលទិន្នន័យលម្អិតខាងក្រោម៖
អត្ថបទដោយ៖ Kunthea Set