មានតែស្វាមីស្រឡាញ់ប្រពន្ធកូនពិតប្រាកដទេ ទើបមានចំណុចទាំងអស់នេះ
មនុស្សស្រីដែលមានស្វាមីប្រកបដោយព្រហ្មវិហារធម៌ ស្រឡាញ់ប្រពន្ធកូនដោយពិតប្រាកដចាត់ទុកថាជាសំណាងបំផុតក្នុងជីវិតនារីម្នាក់ ។ ខាងក្រោមនេះជាទង្វើដែលកើតចេញពីស្វាមីដែលស្រឡាញ់ប្រពន្ធកូនដោយពិតប្រាកដ៖
១.តែងទុកប្រពន្ធកូនជាធំជាងមិត្តភក្ដិបនភឿន៖ ក្រោយរៀបការរួចក្លាយជាប្ដី ក្លាយជាឪពុកគេមកគាត់មិនដែលធ្វើខ្លួនដូចនៅកំឡោះដើរហើរដោយសេរីចង់ទៅណាតាមតែចិត្តទៀតឡើយ ។ គ្រប់ដង្ហើមចេញចូលរបស់គាត់គឺតែងនឹកគិតប្រពន្ធកូនជានិច្ច មិនថានៅទីណាក៏ត្រូវមានវត្តមានប្រពន្ធកូនដែរ លើកលែងតែការងារចាំបាច់ប៉ុណ្ណោះ ។
២.មិនដែលយកសម្ដីធំ ការប្រើអំពើហិង្សាជាដំណោះស្រាយក្នុងគ្រួសារឡើយ៖ មិនថាជួបបញ្ហាធំប៉ុណ្ណា អាក់អន់ចិត្តប៉ុណ្ណាគាត់មិនដែលយកពាក្យទ្រគោះបោះបោក កាយវិការច្រង៉េងច្រង៉ាង លើកដៃវាយប្រពន្ធកូននោះទេ គឺតែងរកដំណោះស្រាយដ៏សមប្រកបដោយសន្តិវិធីជានិច្ច ។
៣.មិនធ្វើឱ្យប្រពន្ធកូនទឹកភ្នែកដយទង្វើផិតក្បត់៖ ជាមេគ្រួសារដ៏ល្អម្នាក់ គាត់តែងគោរព និងផ្ដល់តម្លៃដល់គ្រួសារ តម្លៃខ្លួនឯង ដោយមិនធ្វើឱ្យគ្រួសារធ្លាក់ចុះតម្លៃ អាប់ឱនកិត្តិយសដោយអំពើថោកទាបឡើយ ។
៤.តែងលើកតម្កើងភរិយាដោយបង្ហាញមុខគ្រប់កម្មវិធីតូចធំ៖ មិនថាកម្មវិធីមានអ្នកតូច មានអ្នកធំ គាត់មិនដែលភ្លេចនាំប្រពន្ធទៅជួបអ្នកមុខអ្នកការ លើកតម្លៃនាងជាភរិយាពេញមុខពេញមាត់មានកិត្តិយសខ្ពង់ខ្ពស់ក្នុងសង្គម ។
៥.ស្រឡាញ់ និងគ្រួសារនាងដូចគ្រួសារគាត់៖ គាត់មិនត្រឹមតែស្រឡាញ់គ្រួសារគាត់ប៉ុណ្ណោះទេ តែគាត់ស្រឡាញ់សាច់ញាតិខាងប្រពន្ធដោយគ្មានក្រៅគ្មានក្នុង គោរព និងឱ្យតម្លៃគ្រួសារនាង មិនដែលត្មិះតិះដៀលពូជអម្បូរនាងដោយប្រការណាមួយឡើយ៕