ខេត្តកំពតជាទីកន្លែងដ៏ពេញនិយមបំផុត សម្រាប់ថ្ងៃឈប់សម្រាក ព្រោះតែខេត្តមួយនេះមានកន្លែងដើរលេងធម្មជាតិៗ ស្រស់ស្អាតជាច្រើនកន្លែង ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំរមណីយដ្ឋាន ១ កន្លែង នៅជាប់មាត់ព្រែកកំពត គ្របដណ្តប់ដោយព្រៃចាកធម្មជាតិពិតៗ ឈ្មោះថា «កាយ៉ាក់ផាក» ។
កាយ៉ាក់ផាក មានទីតាំងស្ថិតនៅពីខាងជើងទីរួមខេត្ត នៅតាមបណ្តោយផ្លូវម៉ាកេង ភូមិម៉ាក់ប្រាង្គ ឃុំកំពងគ្រែង ស្រុកទឹកឈូ ខេត្តកំពត និងមានចំងាយតែ ៥ គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមខេត្ត ។
កាយ៉ាក់ផាក គឺជារមណីយដ្ឋានធម្មជាតិ និងជាផ្ទះលំហែរកាយជាប់មាត់ព្រែក ដែលគ្របដណ្តប់ដោយព្រៃចាកធម្មជាតិ ។ នៅទីនោះភ្ញៀវទេសចរ អាចងូចទឹក ជិះកាយ៉ាកគយគន់ព្រៃចាក និងថតរូបស្អាតៗនៅលើផ្ទៃទឹកដ៏ថ្លាឆ្វង់ខៀវស្រងាត់ អបដោយខ្យល់បរិសុទ្ធ បក់បោកផ្ទៃទឹកតិចៗ បង្កើតបានរលកសំលេងគ្រាំៗ ដែលជាសំនៀងទឹកព្រែក ។ បន្ថែមពីនេះ កាយ៉ាក់ផាក ក៏មានបន្ទប់គេង បោះតង់ផងដែរ និងមានលក់អាហារសមុទ្រធម្មជាតិឆ្ងាន់ជាច្រើនមុខនៅទីនោះផងដែរ ។ ខាងក្រោមនេះគឺជាតម្លៃ សេវាបន្ទប់ បោះតង់ និងជិះកាយ៉ាក៖
-បន្ទប់គ្រែមួយ អាចគេងបានមនុស្ស ២នាក់ ២០ដុល្លារ ទៅ ២៥ដុល្លារ
-បន្ទប់គ្រែពីរ អាចគេងបានមនុស្ស ៤នាក់ ៣៦ដុល្លារ ទៅ ៣៦ដុល្លារ
-បោះតង់ សម្រាប់មនុស្ស ២ នាក់ ១០ដុល្លារ
-ចែវទូកាយ៉ាក់លេង ៣ ដុល្លារ ក្នង ១ នាក់ ។
ដើម្បីអាចទៅដល់រមណីយដ្ឋាន កាយ៉ាក់ផាក បានភ្លៀវទេសចរអាចជិះតាមខ្លោងទ្វារ វត្តទឹកវិលចុះពីផ្លូវជាតិលេខ ៣ ទៅត្រង់ រហូតដល់ខ្លោងទ្វារនៃវត្តទឹកវិល រួចបត់ស្តាំ ទៅមុខត្រង់ប្រហែលជាង ២គីឡូនឹងទៅដល់រមណីយដ្ឋាន កាយ៉ាក់ផាក មិនខាន ឬ មួយទៀតភ្ញៀវទេសចរអាចជិះតាមផ្លូវមាត់ព្រែកត្រង់មកជើងរហូតប្រហែល ៥ គីឡូម៉ែត្រ ក៏មកដល់រមណីយដ្ឋាន កាយ៉ាក់ផាក ដូចគ្នា ដោយស្ថិតនៅខាងស្តាំដៃ នៃផ្លូវម៉ាកេង ៕
ប្រភព៖ កាយ៉ាក់ផាក