ចូលឆ្នាំជុំគ្រួសារ ជុំមិត្តភក្ដិ ចង់ធ្វើបុកពោតឱ្យមានរសជាតិឆ្ងាញ់ នេះជារូបមន្តងាយៗ ដឹងតែជាប់ចិត្ត
បើនឹកឃើញដល់អាហារសម្រន់រសជាតិជូរហឹរៗនោះ បុកពោតគឺពិតជាសាកសមយ៉ាងខ្លាំងចំពោះអ្នកដែលចូលចិត្តញុំាអាហារហឹរៗបែបនេះ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយករូបមន្តបុកពោតឆ្ងាញ់ជាប់មាត់មកបង្ហាញជូនដល់អ្នកទាំងអស់គ្នា។
+ របៀបធ្វើបុកពោតរស់ជាតិពិសេស
+ គ្រឿងផ្សំ៖
– ពោតស្ងោរ ១ ផ្លែ ចិតយកតែសាច់ (ពោតតៃវ៉ាន់), ត្រសក់ ១ផ្លែ ចិតជាចំណិតវែង ៣ ថ្នាំងដៃ, សណ្តែកគួរ ២ គួរ កាត់ ២ ថ្នាំងដៃ, ការ៉ុត ១ ចំហៀង ឈូសជាសសៃវែង, បង្គាក្រៀម បន្តិច, ក្រូច ២-៣ចំណិត, ទឹកត្រី ១ ស្លាបព្រាបាយកន្លះ, ស្ករស ១ ស្លាបព្រាកាហ្វេ, ប៊ីចេង ១ ស្លាបកាហ្វេ, ខ្ទឹមស ២កំពឹស, សណ្តែកដីលីង ៣ ស្លាបព្រាបាយ, ស៊ុតស្ងោរឆ្អិន ឬ ពងទាប្រៃ ២ គ្រាប់ចិតជាចំណិតកុំតូចពេក, ប៉េងប៉ោះ ១ ផ្លែចិតជាដុំៗ, ម្ទេស ដាក់តាមចូលចិត្ត។
+ វិធីធ្វើ៖
១) ដំបូងយកខ្ទឹមស ម្ទេស បង្គាក្រៀម សណ្តែកគួរ ដាក់ចូលក្នុងត្បាល់រួចបុក (ដាក់ចូលម្តងមួយមុខៗ ហើយបុកតិចៗ) ។
២) បន្ទាប់មកទៀតដាក់ប៉េងប៉ោះ ទឹកត្រី ស្ករស ប៊ីចេង និង ច្របាច់ក្រូចឆ្មាដាក់ បុកវាថើរៗបន្តិចទៀត។
៣) យកត្រសក់ ការ៉ុត ពោត និង សណ្តែកដីលីងដាក់ចូលបុកបន្តិច រួចចូកត្រឡប់វាចូលគ្នាឲ្យសព្វដួសដាក់ចាន រួច យកពងទា ឬ ពងទាប្រៃ រៀបដាក់ពីលើជាការស្រេច។
បញ្ជាក់: បន្លែអាចដាក់តាមចំណូលចិត្ត៕