ស្រុកបន្ទាយស្រី ជាស្រុកដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប ដែលមានភាពលេចធ្លោខ្លាំងតាមរយៈ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត ក៏ដូចជាការចូលរួមសហការគ្នាយ៉ាងស្រុះដៃពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ជាមួយថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍស្រុកមួយនេះ ប្រកបដោយសុខដុមរមនា និង ក្ដីសុខពេញលេញ។
ជាមួយទេសភាពដ៏ស្រស់ស្អាតបរិសុទ្ធបែបស្រុកស្រែ ស្រុកបន្ទាយស្រី ក៏បានកែច្នៃមុខមាត់ទៅជាតំបន់ទេចរណ៍ជាច្រើនកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅកម្សាន្តឥតស្រាកស្រាន្ត ក្រៅពីការទៅទស្សនាប្រាសាទនានា ក្នុងខេត្តសៀមរាបផ្ទាល់ ។
រមណីយដ្ឋាន បន្ទាយស្រីឃុំត្បែង កំពុងតែអង្រួនបេះដូងភ្ញៀវទេសចរឱ្យទៅកម្សាន្ដ លំហែកាយ យ៉ាងស្ងប់ស្ងាត់ គយគន់ទេសភាពដ៏ស្រស់បំព្រង។ បន្ទាយស្រីឃុំត្បែង មានទីតាំងស្ថិតនៅ ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រសិនបើចង់ទៅលំហែកាយទីនោះ លោកអ្នកអាចធ្វើដំណើរ ចូលតាមក្លោងទ្វាវត្តសសី ចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រ រួចហើយបត់ស្តាំ តាមផ្លាកសញ្ញាមួយ ៨០០ ម៉ែត្រ នោះលោកអ្នក នឹងបានទៅដល់រមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ។
ទោះបីជារមណីយដ្ឋាន បន្ទាយស្រីឃុំត្បែង មានលក្ខណៈសាមញ្ញ ប៉ុន្តែវាបានលម្អភ្នែកភ្ញៀវទេសចរ ដោយទេសភាពវាលស្រែស្រស់ត្រកាល ហ៊ុមព័ទ្ធដោយដើមឈើ ព្រៃភ្នំ ខៀវស្រងាត់ បង្កើតបានជាខ្យល់អាកាសល្អដ៏បរិសុទ្ធ អាចឱ្យអ្នកដែលបានទៅដល់ រំសាយអស់ទុក្ខកង្វល់ ធូរស្រាលពីភាពនឿយហត់ទាំងឡាយ។
ក្រៅពីនោះ រមណីយដ្ឋាន ដ៏ស្រស់ត្រកាលមួយនេះ មានរៀបចំផ្លូវដើរ ជាលក្ខណៈស្ពានឈើ ភ្ជាប់ទៅទោងមួយ ដែលត្រៀមចាំទទួលស្វាគមន៍ភ្ញៀវទេសចរ អាចថតរូបលេងកម្សាន្តទៀតផង។ មិនតែប៉ុណ្ណោះ បន្ទាយស្រីឃុំត្បែង មានកញ្ចុះសម្រាប់អង្គុយលេង ព្រមទាំងមានទូក និង ក្បូន សម្រាប់ភ្ញៀវជិះលេងកម្សាន្ដផងដែរ។
ដូច្នេះ ប្រសិនបើលោកអ្នក ដែលចង់ទៅកម្សាន្តលេងនៅក្នុងខេត្តសៀមរាប អាចសាកល្បងទៅស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅ រមណីយដ្ឋាន បន្ទាយស្រីឃុំត្បែង បាន៕
រូបភាព៖ ឃឹម ហ្វីណង់ – Khim Finan