ខេត្តកោះកុង គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា គ្របដណ្ដប់ដោយតំបន់ទេសចរណ៍ដ៏សម្បូរបែប មានទាំងព្រៃភ្នំ ទឹកជ្រោះជ្រលងដងអូរ និង មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ។ ថ្ងៃនេះ«ប្រជាប្រិយ» សូមនាំភ្ញៀវទេសចរមកស្គាល់តំបន់ទេសចរ ៣ កន្លែង ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទេសចរ ។
១. រមណីយដ្ឋានស្ទឹងពពក
ស្ទឹងពពក គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលស័ក្តិសមបំផុតសម្រាប់ដំណើរផ្សងព្រេង និង ប្រើប្រាស់ជីវិតជាមួយធម្មជាតិ ។ នៅទីនោះភ្ញៀវទេសចរអាចទស្សនាសម្រស់ពពកសក្បុសរាយពពាយដេរដាស់ មើលដាច់កន្ទុយភ្នែក ជាមួយនឹងអាកាសធាតុត្រជាក់តិចៗ អមដោយជំនោរវាយោបក់ផាត់ប៉ះសាច់រំភើយៗ ដែលអាចធ្វើអ្នកទេសចរភ្លេចនូវមន្ទិលសៅហ្មងទាំងពួងបាន ។ នៅទីនោះក៏មានអាហារ កាបោះតង់ និង ការកម្សាន្តផ្សេងៗទៀតកំពុងរង់ចាំភ្ញៀវទេសចរផងដែរ ។ ស្ទឹងពពក មានចម្ងាយប្រមាណត្រឹមតែ ១៥០ គ.ម ពីក្រុងខេមរភូមិន្ទ ដែលស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
២. រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ពាមក្រសោប
រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ពាមក្រសោប គឺជាសគមន៍តំបន់ការពារធម្មជាតិមួយនៅក្នុងខេត្តកោះកុង និង ជាតំបន់ទេទសចរណ៍ដ៏សំខាន់ ទាក់ទាញបំផុតរបស់ខេត្ត ។ នៅទីនោះភ្ញៀវទេសចរអាចទៅទស្សនាអណ្ដូងបុរាណដែលមានទឹកសាប អាចឱ្យប្រជាជនប្រើប្រាស់បានគ្រប់រដូវ ការទស្សនាសត្វផ្សោតហែលប្រដេញគ្នានៅលើផ្ទៃទឹក ។ បន្ថែមពីនេះ ភ្ញៀវទេសចរអាចទស្សនាទេសភាពដងព្រែង ដោយដើរលើស្ពានយោលប្រវែងប្រវែង ៥០.២ ម៉ែត្រ ហើយនៅទីនោះគ៏មានប៉មកម្ពស់ ១៧ ម៉ែត្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងគយគន់ទេសភាពដ៏ខៀវស្រងាត់នៃព្រៃកោងកាង ព្រែក និង សមុទ្រផងដែរ ។
រមណីយដ្ឋានពាមក្រសោបនេះ ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ ដោយចំណាយពេលជិះត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ។
៣. ឆ្នេរពេជ្រតារាសាគរ
ឆ្នេរពេជ្រតារាសាគរ មានទីតាំងស្ថិតនៅ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង គឺជាទីកន្លែងមួយដ៏សែនមនោរម្យល្អបំផុត សម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបរ៉ូមែនទិក មានខ្យល់អាកាសល្អបរិសុទ្ធ រំលេចទេសភាពជាមួយទឹកសមុទ្រពណ៌ផ្ទៃមេឃប្រៀបដូចផ្ទាំងគំនូរ ។ នៅទីនោះភ្ញៀវទេសចរអាចអង្គុយសម្រាកលម្ហែកាយ ដកដង្ហើមស្រូបខ្យល់ដ៏បរិសុទ្ធ ដែលបោកបក់លើផ្ទៃសមុទ្រ ។ នៅទៅនោះភ្ញៀវទេសចរក៏អាចងូតទឹក និង រត់លេងកម្សាន្តលើឆ្នេរខ្សាច់ដ៏សក្បុស ជិះទោងលេងនៅប្របនឹងឆ្នេរសមុទ្រ ក្រោមម្លប់ឈើយ៉ាងត្រឈឹងត្រឈៃ ហើយក៏មានកញ្ចុះសម្រាប់អង្គុយញ៉ាំអាហារផងដែរ ៕