ចង់ឱ្យជីវិតដើរទៅមុខទៀត សូមបោះបង់ចោលរឿង ៥ យ៉ាងនេះចាប់ពីពេលនេះតទៅ
ជិវិតប្រៀបដូចជាការធ្វើដំណើរលើវិថីមួយដែលវែងឆ្ងាយ ហើយមានទិសដៅជាច្រើនដែលមនុស្សម្នាក់ៗនឹងទៅដល់ ខុសពីគ្នា អាស្រ័យលើបំណងប្រាថ្នារៀងៗខ្លួនថាចង់ឃើញជីវិតរបស់ខ្លួននឹងទៅជាបែបណា ។ នៅក្នុងដំណើរនោះទៀតសោត អ្នកប្រាកដជាបានជួបនូវមនុស្សជាច្រើនប្រភេទ រឿងរ៉ាវតាមផ្លូវរាប់រយពាន់ ដែលសុទ្ធសឹងតែជាបទពិសោធន៍ដើម្បីបន្តដំណើរពីមួយដំណាក់កាលទៅមួយដំណាក់កាល ។
យ៉ាងណាមិញ បើចង់ឱ្យដំណើរជីវិតដំណើរការទៅមុខដោយរលូន រកឃើញកោះត្រើយ និងកាត់បន្ថយនូវឧបសគ្គដែលរារាំង សូមបោះបង់ចោលរឿង ៥ យ៉ាងនេះចាប់ពីពេលនេះតទៅ៖
១.ការសេពគប់មនុស្សដែលមិននាំផលវិជ្ជមានឱ្យអ្នក
មនុស្សដែលអ្នកបានជួបនៅក្នុងដំណើរជីវិតអាចមានខ្លះនឹងធ្វើដំណើរជាមួយអ្នកក្នុងរយៈកាលមួយយូរអង្វែងព្រោះតែមានទិសដៅដូចគ្នា ហើយខ្លះក៏បានត្រឹមតែឆ្លងកាត់ក្នុងរយៈពេលខ្លីក្នុងន័យបន្ថែមបញ្ហាឱ្យអ្នកដោះស្រាយ ឬ បង្អាក់ដំណើរការជិវិតរបស់អ្នកប៉ុណ្ណោះ ។ ការដែលអ្នកទៅរវល់ ពាក់ព័ន្ធជាមួយមនុស្សប្រភេទនោះកាន់តែច្រើន នោះជិវិតអ្នកក៏ត្រូវនូវមួយកន្លែងមិនទៅមុខ ក៏ព្រោះតែបញ្ហាមិនចេញចប់មិនចេះហើយនោះដែរ ។ ម៉្យាងវិញទៀត អ្នកដែលមិននាំផលវិជ្ជមាន ហើយបែរជានាំផលអវិជ្ជមានដល់អ្នក គឺអ្នកនឹងចំណាយពេលឥតប្រយោជន៍ មិនបានអភិវឌ្ឍខ្លួនអ្នកទៅកាន់កម្រិតថ្មីនៃជិវិតដែរ ។
២.ទម្លាប់ខ្ជិលច្រអូស តែងប្រើពាក្យរង់ចាំស្អែក
ធ្លាប់អត់! ចូលចិត្តនិយាយពាក្យថា «ចាំស្អែកចាំធ្វើក៏បាន…មិនអីទេ នៅមានពេលតើ…» ចំពោះរឿងការងារ ការសិក្សា ការងារផ្ទះ ខណៈពេលដែលអ្នកបានខ្ជះខ្ជាយពេលវេលាទៅលើរឿងអត់ប្រយោជន៍ផ្សេងវិញដូចជាលេងហ្គេម និយាយមិនបានការជាមួយមិត្តភក្តិ ជាដើម ហើយសុខចិត្តទុកការងារនៅគរដូចភ្នំ ។ ការខ្ជិលច្រអូស ចេះតែរងចាំស្អែកហើយ ស្អែកទៀតនេះ និងធ្វើឱ្យអ្នកមិនអាចធ្វើរួចរាល់នូវអ្វីដែលអ្នកគួរធ្វើ ចំណែកឯពេលវេលានឹងដើរទៅមុខជារឿយៗ ដោយមិនរងចាំអ្នកនោះឡើយ ។
៣.ការគិតរឿងណាដែលនាំតែអំពល់ដល់ជីវិតរបស់ខ្លួន
ខួរក្បាលមនុស្សម្នាក់ៗមានទម្ងន់ ១គីឡូក្រាម ទៅ ១គីឡូក្រាម ២ខាំដូចគ្នា ប៉ុន្តែសមត្ថភាពនៃការចងចាំ សិក្សារៀនសូត្រ ច្នៃប្រឌិត ជាដើមគឺមានលក្ខណៈខុសគ្នា ថាតើអ្នកចេះប្រើប្រាស់ នឹងគ្រប់គ្រង ផ្ទុកទិន្នន័យអ្វីខ្លះនៅក្នុងវា ។ នៅពេលដែលអ្នកគិតតែរឿងមិនបានការដូចជារឿងនិយាយដើមគេ រឿងអ្នកដទៃឈ្លោះគ្នា រឿងក្តៅក្រហាយផ្សេងៗជាច្រើនទៀត នោះក្នុងខួរក្បាលរបស់អ្នកនឹងស៊ាំ ហើយដកជាប់ទៅរកតែរឿងនោះដូចគ្នា ។ ដូច្នេះ តើអ្នកចង់ឱ្យជីវិតអ្នកនៅត្រឹមតែចេះដឹងរឿងគេ ឬ យកពេលមកគិតរឿងជិវិតខ្លួនឯងវិញ ដើម្បីបន្តដំណើរទៅមុខទៀតឬយ៉ាងណា ?
៤.ការដែរបណ្ដោយឱ្យស្នេហាក្លាយជាឧបសគ្គផ្លូវទៅកាន់អនាគតរបស់ខ្លួន
ស្នេហាជារឿងសំខាន់ម្យ៉ាងដែលមនុស្សម្នាក់ៗត្រូវការសម្រាប់បំពេញអត្ថន័យឱ្យជិវិត ហើយនេះក៏ជាធម្មជាតិដែលមនុស្សប្រុស ត្រូវជាគូនឹងមនុស្សស្រីដូចគ្នា ។ យ៉ាងណាមិញ ដាច់ខាតមិនត្រូវបណ្តោយឱ្យស្នេហា ក្លាយជាឧបសគ្គផ្លូវទៅកាន់អនាគតរបស់ខ្លួននោះឡើយប្រសិនបើចង់ឱ្យដំណើរជីវិតដើរទៅមុខ ។ ក្នុងន័យនេះគួរគិតរឿងរៀបចំជីវិតរបស់ខ្លួនឱ្យបានល្អប្រសើរ មុនពេលមានស្នេហាក៏ជារឿងល្អ ហើយកុំយកស្នេហា មកបញ្ចប់ជិវិត ក៏ព្រោះមនុស្សម្នាក់ដែលមិនជាប់សាច់ឈាមជាមួយអ្នកដែរ ។
៥.ចំណាយពេលវេលាលើរឿងដែលមិននាំឱ្យជីវិតរីកចម្រើន
ប្រាកដណាស់ ប្រសិនបើចង់អភិវឌ្ឍទៅមុខ គឺមិនត្រូវចំណាយពេលវេលាលើរឿងដែលមិននាំឱ្យជីវិតរីកចម្រើននោះដែរ ដូចជាចំណាយពេលទៅលើរឿងរ៉ាវមួយចំនួនដូចដែរបានរៀបរាប់ពីខាងលើ និងមួយចំនួនទៀតទៅលើភាពភ័យខ្លាច ការមិនហ៊ានសាកល្បង ស្វែងរកបទពិសោធន៍ថ្មីៗសម្រាប់ជីវិតនោះឯង ។ បោះបង់ចោលការគិតអវិជ្ជមាន ធ្វើរឿងអវិជ្ជមាន ហើយចំណាយពេលមកធ្វើរឿងដែលបំពេញឱ្យក្តីស្រមៃរបស់ខ្លួន ភ្លក់រសជាតិជីវិត ជាពិសេសគឺអ្វីដែលមានប្រយោជន៍ ទើបជីវិតឈានទៅរកភាពរីកចម្រើន ៕