ប្រាសាទចតុមុខ គឺជាប្រាសាទមួយស្ថិតនៅក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន ៤ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេង ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ។
គួរឱ្យសោកស្ដាយ ប្រាសាទចតុមុខ បានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមប៉ុណ្ណោះ ហើយនៅតាមជញ្ជាំង និង ផ្នែកខាងក្នុង មានដើមឈើ និ ងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តានេះនាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និង ជ្រុងទាំងបី ហើយភ្ញៀវដែលមកទស្សនានៅទីនេះបានដើរជាន់ពីលើ ។
យ៉ាងណាក្ដីប្រាសាទនេះត្រូវបានជួសជុល និង ស្តាឡើងវិញដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ឱ្យកាន់តែទូលំទូលាយ ។ ការងារអភិរក្ស និង ជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ៕