តាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និង ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំ ខែ កញ្ញា ឆ្នាំ ២០២០ ពីគ្រឹះស្ថានអង្គរ ខេត្តសៀមរាប ចុះថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ បានឱ្យដឹងថា ចំណូលសរុបពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរត្រឹមរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២០ មានចំនួនជាង ១៨ លានដុល្លារ ដែលចំណូលនេះមានការធ្លាក់ចុះ ៧៦,១៧% បើធៀបទៅហ្នឹងរយៈពេលដដែលក្នុងឆ្នាំ ២០១៩ ។
សូមបញ្ជាក់ថា៖
១. នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុបមានចំនួន ២ ៩៤៨ នាក់ ថយចុះ ៩៧,៣៤% ធៀបនឹងឆ្នាំ ២០១៩ និង ទទួលបានចំណូលសរុប ១២៤ ២៩៦ ដុល្លារ ថយចុះ ៩៧,៤៥% ធៀបជាមួយឆ្នាំ ២០១៩ ដដែល ។
២. រយៈពេល ០៩ ខែ ឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុប ៣៩៦ ២៤១ នាក់ ថយចុះ ៧៦,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ចំណែកឯចំណូលសរុបទទួលបាន ១៨ ៤៥៦ ៣០៧ ដុល្លារ ថយចុះ ៧៥,១៧% បើធៀបនឹងឆ្នាំ ២០១៩ ដូចគ្នា ៕