
គ្រូបង្រៀនមតេយ្យម្នាក់ឈ្មោះ Sylvain Helaine ដែលរាងកាយ ផ្ទៃមុខ អណ្ដាត និង ភ្នែករបស់លោកពោរពេញដោយស្នាមសាក់ បាននិយាយថា លោកត្រូវបានហាមប្រាមលែងឲ្យបង្រៀននៅសាលាមតេយ្យមួយ ក្រោយឪពុកម្ដាយសិស្សនាំគ្នារអ៊ូរទាំប្ដឹងថាលោកធ្វើឲ្យកូនៗពួកគេភ័យខ្លាច ។
លោកបាននិយាយថា កាលពីឆ្នាំមុន លោកបានបង្រៀនថ្នាក់មតេយ្យនៅសាលាបឋមសិក្សា Docteur Morere ក្នុងតំបន់ Palaiseau ក្រុងប៉ារីស ប្រទេសបារាំង ។ នៅពេលនោះដែរ ឪពុកម្ដាយរបស់កូនសិស្សអាយុ ៣ ឆ្នាំម្នាក់ បានធ្វើការប្ដឹងទៅខាងសាលា ដោយនិយាយថា កូនប្រុសរបស់ពួកគេបានយល់សប្ដិអាក្រក់ក្រោយជួប Helaine បើទោះបីជាលោក មិនមែនជាគ្រូបង្រៀនរបស់កូនសិស្សរូបនោះក៏ដោយ ។
ប៉ុន្មានខែក្រោយ ខាងសាលាក៏បានប្រាប់លោកថា លោកមិនអាចបង្រៀនសិស្សថ្នាក់មតេយ្យតទៅទៀតបានទេ ដែលការសម្រេចចិត្តមួយនេះ ធ្វើឲ្យលោកតូចចិត្តជាខ្លាំង ។
ទោះជាមិនអាចបង្រៀនថ្នាក់មតេយ្យបានតទៅទៀត ប៉ុន្តែលោក Sylvain Helaine នៅតែអាចបន្តបង្រៀនបានដដែល ដោយលើកនេះលោកបង្រៀនក្មេងថ្នាក់បឋម ដែលមានអាយុពី ៦ ឆ្នាំឡើងទៅ ។ លោកបាននិយាយថា «សិស្សខ្ញុំទាំងអស់ និង ឪពុកម្ដាយគេ គឺល្អណាស់ ពួកគេភ្ញាក់ផ្អើលតែដំបូងប៉ុណ្ណោះ ប៉ុន្តែក្រោយមកគឺធម្មតា ដូចដែលពួកគេអាចមើលធ្លុះរូបរាងរបស់ខ្ញុំអ៊ីចឹង» ។
គ្រូបង្រៀនដែលស្រឡាញ់ការសាក់រូបនេះ សង្ឃឹមថាលោកអាចបង្ហាញកូនសិស្សខ្លួន ឲ្យទទួលយកមនុស្សដែលមានបុគ្គលិកលក្ខណៈខុសពីមនុស្សដទៃ ។ «នៅពេលពួកគេធំឡើង ពួកគេអាចនឹងមិនសូវប្រកាន់រើសអើង និងចេះបើកចិត្តទូលាយ» ៕
ប្រភព៖ CNA
អត្ថបទដោយ៖ Trassi