សម្គាល់មើលផង! បើមាន ៥ ចំណុចនេះ ត្រូវកែចេញជាបន្ទាន់ ប្រយ័ត្នស្នេហាក៏គ្មាន មិត្តភក្ដិក៏អត់
នៅក្នុងសង្គមមួយ មនុស្សត្រូវការរស់នៅផ្សារភ្ជាប់ទំនាក់ទំនង ប្រាស្រ័យទាក់ទង រាប់អានគ្នាទៅវិញទៅមក ចាប់តាំងពីគ្រួសារ មិត្តភក្តិ អ្នកភូមិផងរបងជាមួយ ឬ អ្នករួមការងារជាមួយគ្នាក្តី ។ គ្មាននរណាម្នាក់អាចរស់នៅតែម្នាក់ឯង ដោយមិនអាស្រ័យអ្នកដទៃនោះឡើយ មិនថារឿងតូចក្តី ធំក្តី ឬ រឿងសាមញ្ញៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
យ៉ាងណាមិញ ដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សដែលគួរឱ្យស្រឡាញ់ មានអ្នកផងគោរព ឱ្យតម្លៃ ដាច់ខាតត្រូវជៀសឱ្យបាននូវចំណុចទាំង ៥ ខាងក្រោមនេះ៖
១. តែងគិតថាគំនិតខ្លួនឯងសុទ្ធតែត្រូវ
មានរឿងជាច្រើនដែលបានកើតឡើងដូចគ្នា ប៉ុន្តែមនុស្សបានមើលឃើញវាក្នុងទស្សនវិស័យខុសគ្នា ដោយសារមនុស្សគ្រប់រូបសុទ្ធតែមានគំនិត និង ការយល់ឃើញខុសៗគ្នា ដូច្នេះនៅពេលដែលអ្នកគិតថា អ្វីដែលអ្នកបានឃើញ បានដឹង បានឮ សុទ្ធតែត្រឹមត្រូវ នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលតែងតែប្រឆាំងនូវគំនិតរបស់អ្នកដទៃ ។ ពេលនោះកុំថាឡើយអ្នកចង់រាប់អានបន្ត ទោះបីអ្នកចង់និយាយជាមួយក៏គ្មានផង ។
២. ចេះដឹងគ្រប់រឿង
ពាក្យចាស់លោកពោលថា៖ «ចេះឯង ឱ្យក្រែងចេះគេ ចេះឯងមួយកញ្ឆេរ ចេះគេមួយល្អី» ។ ជាការពិតណាស់ រឿងរ៉ាវខ្លះអ្នកអាចលូកដៃចូលរួមបាន ដូចជាជួយសម្រុះសម្រួលគ្នាពេលមានជម្លោះ ឬ ជួយលើកទឹកចិត្តមិត្តភក្តិដែលកំពុងមានទុក្ខ ។ ប៉ុន្តែការចេះដឹងនោះក៏មិនត្រូវហួសព្រំដែនដែរ ដោយហេតុថា មានរឿងមួយចំនួនដែលគេបង្ហាញអ្នកគ្រាន់តែមួយផ្នែកប៉ុណ្ណោះ អ្នកមិនអាចទៅវាយតម្លៃ អាកាត់ សម្រេចសេចក្តីរឿងរបស់គេតែផ្តេសផ្តាស់បានឡើយ ។ មនុស្សបែបនេះត្រូវបានគេហៅម្យ៉ាងទៀតថា ជាប្រភេទមនុស្សយកមុខ ចូលចិត្តបញ្ចេញគំនិតគ្រប់រឿងខ្លាចគេមិនដឹង ។
៣. ល្អនឹងមុខអាក្រក់ក្រោយខ្នង
អ្នកនឹងខឹងដែរទេ ប្រសិនបើមានអ្នកណាម្នាក់និយាយផ្អែមល្ហែមលួងលោម ឱ្យល្អូកល្អើន ជាមួយអ្នក ហើយបន្ទាប់មកគេយករឿងនោះទៅនិយាយប្រាប់អ្នកដទៃ ហើយនិយាមដើមអ្នកឈ្ងុយ! ដូចគ្នានេះដែរ ប្រសិនបើអ្នកបានធ្វើទង្វើនេះទៅលើអ្នកដទៃអ្នកនឹងក្លាយជាមនុស្សដែលគេមិនទុកចិត្ត ព្រោះអ្នកបានបំផ្លាញសេចក្តីទុកចិត្តរបស់គេអស់ទៅហើយ ។ មនុស្សដែលមានទំនាក់ទំនងជាមួយគ្នា បើកាលណាបាត់អស់សេចក្តីទុកចិត្តហើយនោះ កុំថាឡើយជាប់សាច់ឈាមប៉ុណ្ណា តែមុខក៏គេមិនចង់មើលដែរ ។
៤. រាប់អានឃើញតែប្រយោជន៍អ្នកដទៃ
ការរាប់អានគឺជាការចែករំលែក ផ្តល់ក្តីស្រឡាញ់ ចេះជួយគ្នាទៅវិញទៅមក ដោយមិនត្រូវមានម្ខាងណាខ្សែលើទៅលើភាគីណាមួយឡើយ ។ ប្រសិនបើអ្នក រាប់អានមនុស្សមើលឃើញតែផលប្រយោជន៍របស់គេដែលអាចផ្តល់មកឱ្យអ្នកនោះ ពេលគេអស់ផលប្រយោជន៍ អ្នកនឹងទៅរកអ្នកផ្សេង បន្តបន្ទាប់ ហើយទីបំផុត កុំចង់រកម្នាក់ណាមកស្មោះត្រង់ជួយអ្នកក្នុងគ្រាលំបាក ព្រោះពួកគេឆ្អែតចិត្តជាមួយអ្នកអស់បាត់ទៅហើយ ។
៥. ឈ្នានីស លោភលន់ ចង់តែឈ្នះ
សេចក្តីលោភលន់តែងនាំមកនូវសេចក្តីវិនាស ហើយប្រសិនបើអ្នកតែងតែគិតរកវិធីសាស្រ្តឈ្នានីស ចង់ឈ្នះអ្នកដទៃដោយសេចក្តីលោភលន់ទៀតសោត អ្នកនឹងគ្មានសេចក្តីស្ងប់សុខក្នុងខ្លួននោះឡើយ ។ ចំណែកឯមិត្តភក្តិ សាច់ញាតិ បងប្អូន ដែលអ្នកចង់មានលើសគេ ចង់ឈ្នះគេ ក៏លែងមានអ្នកណាមក បៀតនឹងអ្នកទៀតដែរ គេនឹងទុកឱ្យអ្នកឈ្នះតែឯងហើយ ។ មនុស្សបែបនេះ មិនអាចមានទំនាក់ទំនងល្អជាមួយនរណាម្នាក់នោះទេ ព្រោះគេតែងតែឃើញអ្នកដទៃល្អជាងខ្លួនត្រង់ចំណុចណាមួយ ហើយចង់តែលើសគេជានិច្ច ៕