ជាការពិតត្រីសាមបាក់អាចនឹងមានការពិបាកក្នុងការចម្អិនបន្តិច ដោយបញ្ហាក្លិនឆ្អាបត្រីសមុទ្រប្រភេទនេះ តែប្រសិនជាលោកអ្នកយកត្រីសាមបាក់មកលាងសម្អាត និង ជ្រើសរើសការចម្អិនដោយលាយគ្រឿងផ្សំបានត្រឹមត្រូវនោះ ក៏អាចជាផ្នែកមួយនៃការបំបាត់ក្លិនមិនល្អនោះបានច្រើនផងដែរ ។ ជាក់ស្តែងត្រីសាមបាក់ បើលោកអ្នកយកវាមកដុតគ្រឿង គឺអាចកាត់បន្ថយឆ្អាប និង កាន់តែធ្វើឲ្យរសជាតិត្រីកាន់តែឆ្ងាញ់ទៀតផង ។
វិធីធ្វើត្រីសាមបាក់ដុតគ្រឿង
គ្រឿងផ្សំ ៖ ត្រីសាមបាក់ (ធ្វើត្រីវះពោះ លាងសម្អាតឲ្យស្អាត), ដើមកិនឆាយ ឬ ជីវ៉ាន់ស៊ុយ, ម្ទេសដៃនាង (ហាន់ជាបញ្ឆិតៗ), គ្រឿងការី, គល់ស្លឹកគ្រៃ (ហាន់ជាបញ្ឆិតៗ), ខ្ទឹមបារាំង (ហាន់ជាបន្ទះស្ដើងៗ) ទុកសំរាប់តំរៀបត្រី ពេលអាំង, រំដេង (ហាន់ជាបញ្ឆិតស្ដើងៗ), ស្លឹកក្រូចសើច (ហាន់ជាសសៃតូចៗ), ខ្ទឹមស (ចិញ្ច្រំឱ្យម៉ត់), ប្រេងឆា, ម្ទេសក្រៀម ( ត្រាំទឹក ចិញ្ច្រំឱ្យម៉ត់ ), ស្ករត្នោត, គ្រឿងបុក, កាពិ, អំបិល, បីចេង និង ក្រដាសដុតត្រី ។
វីធីធ្វើ ៖ ដាក់ខ្ទះឱ្យក្ដៅចាក់ប្រេង ខ្ទឹមសចិញ្ច្រំចូលគ្នាលីងឲ្យក្រហម រួចចាក់ម្ទេសក្រៀមចិញ្ច្រាំ ស្ករត្នោត រំដេង ស្លឹកក្រូចសើច គល់ស្លឹកក្រៃ និង គ្រឿងបុកចូលគ្នា ហើយបន្ថែមគ្រឿងដូចជា កាពិ ប៊ីចេង អំបិល ចូលកូរឱ្យឈ្ងុយ ទុកមួយអន្លើ ។ យកក្រដាសដុតត្រី តំរៀបខ្ទឹមបារាំង ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រួចដាក់ត្រីពីលើ ហើយយកគ្រឿងដែលឆារួច ដាក់ក្នុងពោះត្រី រួចខ្ចប់ត្រីអាំង រយៈពេល ២០ នាទី ទើបត្រីឆ្អិនល្អ ៕
*របៀបតំរៀប អាចមើលតាមរូបភាព