ឡូយមែន! ជប៉ុនសាកល្បងប្រើបន្ទប់ទឹកពិសេសពីកញ្ចក់មើលធ្លុះដល់ក្នុង លើកដំបូង
សួនមួយកន្លែងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន បានសាកល្បងដំឡើង និង ដាក់ឱ្យដំណើរការនូវបន្ទប់ទឹកសាធារណៈថ្មីចំនួន ៣ ដែលមានលក្ខណៈខុសប្លែកពីបន្ទប់ទឹកធម្មតា នោះគឺបន្ទប់ទឹកកញ្ចក់ដែលអាចមើលធ្លុះដល់ខាងក្នុង ប្រើបានសម្រាប់មនុស្សគ្រប់វ័យគ្រប់ភេទ ។
បន្ទប់ទឹកនោះមានបំពាក់ដោយប្រព័ន្ធទំនើបម្យ៉ាង និង កញ្ចក់វ័យឆ្លាត ទោះបីជាយើងមើលទៅឃើញបន្ទប់ទឹកនោះជាកញ្ចក់ថ្លា តែវានឹងប្រែជាស្រអាប់មើលមិនឃើញវិញនៅពេលមានមនុស្សចូល ហើយចុចសោរបិទដើម្បីប្រើប្រាស់ ។ នេះបើតាមការឱ្យដឹងរបស់លោក Shigeru Ban អ្នកបំផុសគំនិតបន្ទប់ទឹកនេះ ប្រាប់ទៅកាន់សារព័ត៌មាន Business Insider ។
អ្វីដែលកាន់តែពិសេសទៀតនោះ បន្ទប់ទឹកប្រភេទនេះមានលក្ខណៈពិសេសមួយចំនួនបន្ថែមទៀត ដូចជា ងាយស្រួលអាចឱ្យអ្នកដែលចង់ចូលបន្ទប់ទឹកអាចមើលឃើញថាបន្ទប់ទឹកស្អាត ឬ មិនស្អាតបានជាមុន និង កញ្ចក់នឹងប្រែពណ៌នៅពេលយប់ជាមួយពន្លឺភ្លើង ។
លោក Shigeru Ban ស្ថាបនិកនៃម៉ូដបន្ទប់ទឹកនេះថា ប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ជាប្រទេសមួយដែលមានអនាម័យ និង ស្អាតជាងគេក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោក យ៉ាងណាមិញបន្ទប់ទឹកសាធារណៈមួយចំនួននៅមានស្ថានភាពមិនសូចល្អដូចជា ងងឹតពេក កខ្វក់ ធុំក្លិន និង គួរឱ្យខ្លាច ។ មួយវិញទៀត ករណីបទល្មើសឧក្រិដ្ឋខ្លះក៏ត្រូវបានធ្វើសកម្មភាពនៅក្នុងបន្ទប់ទឹកតាមទីសាធារណៈផងដែរ ។ ដោយសារតែមូលហេតុបែបនេះ ទើបលោកគិតឃើញគំនិតនេះឡើងក្នុងគោលបំណងចូលរួមបំបាច់ចោលនូវភាពអសកម្មឱ្យអស់ ។
គួរបញ្ជាក់ដែរថា បន្ទប់ទឹកសាធារណៈដ៏ពិសេសមួយនេះ គឺជាបន្ទប់ទឹកសាធារណៈមួយក្នុងចំណោមម៉ូដបន្ទប់ទឹកទាំង ១៧ ដែលជាគម្រោងការរបស់អង្គការក្រៅរដ្ឋាភិបាល The Nippon Foundation សម្រាប់កែប្រែបន្ទប់ទឹកសារធារណៈនៅក្នុងប្រទេសជប៉ុនឱ្យកាន់តែមានលក្ខណៈងាយស្រួល ផាសុកភាព និង មានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ៕