បុរសម្នាក់ ត្រូវពស់មួយក្បាល តាមចឹកបាន ៨ ដង ក្នុងមួយខែ ទោះគេចទៅណាក៏មិនផុត
ហេតុការណ៍ដ៏ចម្លែកមួយ បានកើតមានឡើងលើបុរសម្នាក់ រស់នៅភូមិ Uttar Pradesh នៃស្រុក Basti ដោយលោកបានអះអាងថា ខ្លួនត្រូវបានពស់ដដែល ចឹកចំនួន ៨ ដង ក្នុងពេលត្រឹមមួយខែ ។
លោក Yashraj Mishra អាយុ ១៧ ឆ្នាំ បានទទួលការព្យាបាលក្នុងមន្ទីរពេទ្យជាច្រើនដង ដោយការវាយប្រហារពីសត្វពស់មួយក្បាល ដោយចុងក្រោយ គឺនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ ។
តាមសម្ដីលោក Chandramauli Mishra ដែលត្រូវជាឪពុករបស់បុរសរងគ្រោះ បានបញ្ជាក់ថា «ក្រោយកូនប្រុសរបស់ខ្ញុំ ត្រូវបានពស់ចឹកលើកទី ៣ ខ្ញុំបានបញ្ជូនគេឲ្យទៅស្នាក់នៅផ្ទះរបស់សាច់ញាតិខ្ញុំនៅភូមិ Bahadurpur ប៉ុន្តែនៅប៉ុន្មានថ្ងៃបន្ទាប់ កូនប្រុសខ្ញុំបានឃើញពស់មួយក្បាលដដែលនោះ នៅជិតផ្ទះសាច់ញាតិខ្ញុំ ហើយក៏បានចឹករូបគេទៀត ។ Yashraj ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាថ្មី » ។
លោក Chandramauli Mishra បានបន្ថែមថា «ពួកយើងមិនយល់ថា មូលហេតុអ្វីបានជា សត្វពស់មួយក្បាលនោះ ប៉ុនប៉ងចឹក Yashraj នោះឡើយ ។ កូនប្រុសខ្ញុំឥឡូវ មានការប៉ះពាល់អារម្មណ៍ខ្លាំង និងរស់នៅជាមួយការភ័យខ្លាចសត្វពស់ ។ ពួកយើងបាននាំគ្នាធ្វើពិធី puja ជាច្រើនដង ហើយថែមទាំងហៅគ្រូចាប់ពស់ មកចាប់វាចេញទៀត ប៉ុន្តែនៅតែមិនបានផលដដែល» ។
ទោះជាយ៉ាងណាក៏ដោយ ពស់មួយក្បាលនោះ អាចនឹងមិនមានពិសខ្លាំងរហូតគ្រោះថ្នាក់ដល់ជីវិតឡើង ដោយសារតែ Yashraj ត្រូវបានចឹក ៨ ដងហើយ តែមិនបាត់បង់ជីវិត ៕
ប្រភព៖ india.com