
ចរិតបែបអឿៗ ៥ យ៉ាងរបស់ Crush គួរឱ្យជ្រេញបំផុត ទុកឱ្យគេនៅ Single ដល់ចាស់កោងខ្នងទៅ
ពាក្យថា Crush គឺសំដៅទៅលើមនុស្សម្នាក់ដែលអាចឆក់យកបេះដូងអ្នកតាំងពីវិនាទីដំបូងដោយគ្មានហេតុផលទាល់តែសោះ ។ គេជាមនុស្សម្នាក់ពិសេសខុសពីអ្នកដទៃ មិនថាសកម្មភាពអ្វីដែលគេធ្វើ គឺមិនអាចទៅណាឆ្ងាយពីក្រសែភ្នែកអ្នកឡើយ មិនថាក្នុង ឬក្រៅហ្វេសប៊ុកទេ ។ យ៉ាងណាមនុស្សដែលអ្នកលួចស្រឡាញ់ខ្លះ តែងបង្ហាញចរិតក្រអើតក្រទមគួរឱ្យជ្រេញបំផុត ។
១. ចូលចិត្តធ្វើខ្លួននៅម្នាក់ឯងៗមិនខ្វល់ជាមួយអ្នកណា
អ្នកខ្លះពេលដែលដឹងថាមានគេលួចស្រឡាញ់ច្រើនកាន់តែធ្វើចរិតខ្មើតៗគួរឱ្យជ្រេញ ទៅណាមកណាម្នាក់ឯងឆ្កុយៗសូម្បីតែស្នាមញញឹមមិនខ្ចីបញ្ចេញឱ្យអ្នកណាឃើញផង ។ មិនថាគេនោះពូកែ ស្អាត ឆ្លាតយ៉ាងណាទេ តែបើប្រកាន់ចរិតបែបនេះមិនបាច់តស៊ូទៅលួចស្រឡាញ់គេនាំតែហត់ចិត្តទេ ។
២. ពេលដែលយើង Chat ទៅគេនិយាយឡើងហូហែរតែគេតបមកវិញមានត្រឹមតែ Sticker ញញឹមមួយ
ធម្មតានៅពេលដែលយើងលួចស្រឡាញ់ រមែងទប់អារម្មណ៍មិនជាប់ចង់និយាយឆ្លើយឆ្លងជាមួយគេ ទោះមិនបាននិយាយផ្ទាល់ត្រឹម Chat ទៅលេងក៏អស់ចិត្តដែរ តែអ្វីគួរឱ្យខកបំណងនោះ គេម្នាក់នោះមិនបានតបមកហូហែរដូចក្ដីស្រមៃដែលយើងរំពឹងទុកសោះ ។ ខំនិយាយពីនេះពីនោះឱ្យគេចាប់អារម្មណ៍ តែគេបមកមួយម៉ាតៗ ជួនកាលផ្ញើតែ Sticker មកមួយ ។
៣.តប Chat មួយម៉ាត់បាត់មួយម៉ោង
មួយវិញទៀតនោះ មិនត្រឹមតែគ្មានអារម្មណ៍ Chat ជាមួយយើងទេ តែថែមទាំងមិនខ្វល់ពីសារដែលលោតចូលប្រអប់សារគេទៀត ក៏ចង់បើកមើលថ្មើរណាក៏បានតាមតែគេ ។ ជួនកាលព្រឹកឡើងខំ Chat Good Morning ទៅគេ តែគេតបមកវិញពេលរសៀលទៅជា Good Afternoon បាត់ទៅហើយ ។
៤. ពិបាកស្វែងយល់ពីគេបំផុត
មិនដឹងថាគេជាមនុស្សមានចំណូលចិត្តបែបណា ចូលចិត្តមើលកុនទេ ចេះមានស្នេហាទេ សុទ្ធតែជាអ្វីដែលយើងមិនអាចដឹងពីចិត្តគេសោះ ព្រោះតែគេជាមនុស្សពូកែលាក់ព័ត៌មានផ្ទាល់ខ្លួនបានជិតឈឹង ។ ដូច្នេះការចង់ដឹងពីគេ គឺធ្វើឱ្យយើងមានអារម្មណ៍កាន់តែតឹងតែង នាំតែលំបាកដល់ខ្លួនឯងទេ បើគេមិនបង្ហាញផងទៅចង់ដឹងធ្វើអីគេចូលចិត្តអី មិនចូលចិត្តអីក៏ស្រេចតែគេទៅ ។
៥.មិនដែលរំភើបនឹងអំពើល្អរបស់យើង
មិនថាយើងខំយកអាសារ ជួយទុក្ខធុរៈ ឬក៏ទិញរបស់អ្វីមួយឱ្យគេក៏គេមិនដែលរំភើប ឬបង្ហាញក្ដីរំភើបអ្វីសោះ ។ បែបនេះមានន័យថា គេមិនធ្លាប់ចង់ឱ្យយើងទៅពាក់ព័ន្ធក្នុងជីវិតគេទេ ក៏ល្មមដល់ពេលដែលភ្ញាក់ខ្លួនហើយកាន់តែធ្វើយើងក៏កាន់តែអស់តម្លៃថែមទៀត ៕