ប្តីប្រពន្ធមួយគូ មានគំនិតយកឡានចាស់ ច្នៃធ្វើផ្ទះយ៉ាងស្អាត និង អាចជិះដើរលេងបានទៀត
ប្តីប្រពន្ធមួយគូ Hannah និង Hernandez បានសម្រេចចិត្តប្តូរពីការជួលផ្ទះគេ មករស់នៅលើឡានក្រុង ដែលខ្លួនបានកែច្នៃប្រើរយៈពេលជាង ១ឆ្នាំ បានយ៉ាងស្រស់ស្អាត និង ទំនើបប្រៀបដូចជានៅក្នុងផ្ទះពិតៗ សម្រាប់ដំណើរជីវិតគូដ៏មានសុភមង្គលរបស់ខ្លួន។
ត្រឡប់ទៅឆ្នាំ ២០១៦ ជាពេលដែលកុងត្រាជួលផ្ទះជិតនឹងដល់ឆ្នាំបញ្ចប់ ពួកគេត្រូវស្វែងរកកន្លែងនៅថ្មី ពេលនោះគេបាននឹកឃើញឡានក្រុងធំចាស់របស់ខ្លួន ក៏មានគំនិតកែច្នៃវាសម្រាប់ធ្វើជាផ្ទះរបស់ខ្លួន ដែលអាចឱ្យពួកគេធ្វើដំណើរទៅគ្រប់ទីកន្លែងដែលពួកគេចង់ទៅបានដោយងាយស្រួល ខណៈពេលនោះពួកគេមិនទាន់មានកូននៅឡើយ ។
ដោយមានការជួយជ្រោមជ្រែងពីមិត្តភក្តិ និង សាច់ញាតិយ៉ាងសកម្ម ផ្ទះនៅលើឡានក្រុងចាស់របស់ពួកគេ បានធ្វើរួចរាល់ក្នុងរយៈពេលជាង ១ឆ្នាំ ។
នៅលើឡានក្រុងនោះមានការតុបតែងបានយ៉ាងស្រស់ស្អាត ជាពិសេសពួកគេបានយកចិត្តទុកដាក់ខ្លាំងជាងគេទៅលើផ្ទះបាយ ដោយយល់ថា វាជាកន្លែងដែលគ្រួសារអាចចំណាយពេលជាមួយគ្នាបានច្រើនជាងគេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺរាល់របស់របរតុបតែងនៅក្នុងផ្ទះឡានក្រុងនេះ គឺជារឿយៗនៅពេលពួកគេទៅដល់ទីតាំងណាមួយ ពួកគេតែងតែទិញរបស់វត្ថុអនុស្សាវរីយ៍នៅទីនោះដើម្បីយកមកទុក។ មួយវិញទៀត គឺរបស់របរច្រើនជារបស់មួយទឹក ដែលពួកគេមិនចង់ចំណាយលុយច្រើនទៅលើវា។
មកដល់បច្ចុប្បន្នប្តីប្រពន្ធមួយគូនេះ នៅតែបន្តរស់នៅលើឡានក្រុងរបស់ខ្លួនជាមួយកូនតូចៗ ២ នាក់យ៉ាងមានសុភមង្គល ហើយពួកគេពិតជាសប្បាយចិត្តដែលអាចឱ្យកូនៗរបស់ខ្លួន ទទួលបានបទពិសោធន៍ថ្មីៗ ពីការធ្វើដំណើរតាំងពីនៅក្មេងបែបនេះ ។ ជាចុងក្រោយ អ្នកទាំង ២ ថា ពួកគេនឹងបន្តរស់នៅលើឡានក្រុងនេះរហូតដល់កូនៗធំ៕
ប្រភព៖ Insider