ស្ត្រី ២ នាក់បងប្អូន កើតជំងឺចម្លែក មិនចេះយំ និងមិនចេះឈឺចាប់
ស្ត្រី ២ នាក់បងប្អូន កើតជំងឺដ៏កម្រមួយ ដែលមិនចេះយំទាល់តែសោះ និងមិនចេះមានអារម្មណ៍ឈឺចាប់ បើទោះបីជាពួកគេមានរបួសធ្ងន់ប៉ុណ្ណាក៏ដោយ ។
Isra Taleb និងប្អូនស្រីរបស់នាង Naeala បានកើតជំងឺដ៏កម្រមួយ ដែលមិនអាចឲ្យពួកគេមានអារម្មណ៍ឈឺចាប់ ដឹងភាពត្រជាក់ ឬក្ដៅឡើយ ។ ដោយសារតែស្ថានភាពជំងឺបែបនេះហើយ ទើបពួកគេមិនអាចយំនៅពេលរងរបួសណាមួយនោះ ។
រោគសញ្ញាដំបូងនៃស្ថានភាពជំងឺរបស់ Isra កើតមានឡើង នៅពេលនាងទើបអាយុបាន ៣ ឆ្នាំ ដែលពេលនោះ នាងមិនអាចយំបាន ក្រោយមុតដៃនឹងកាំបិតដោយចៃដន្យ ។ នៅពេលនោះហើយ ទើបម្ដាយរបស់នាងបានចាប់អារម្មណ៍ថា កូនរបស់ខ្លួនមានបញ្ហាមិនប្រក្រតី ។
នៅអាយុ ៣ ឆ្នាំដដែល Isra បានកើតដំបៅនៅមេជើងរបស់នាង ហើយដំបៅនោះគឺត្រូវបានគ្រូពេទ្យរកឃើញថា មានសភាពធ្ងន់ធ្ងរប្រៀបដូចជាដំបៅរបស់មនុស្សចាស់វ័យ ៦០ ឆ្នាំ ដែលកើតជំងឺទឹកនោមផ្អែមដូច្នោះដែរ ។ នាងក៏ត្រូវបានតេស្តរកជំងឺទឹកនោមផ្អែម ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន ដោយក្រោយមកខាងគ្រូពេទ្យជំនាញផ្នែកសរសៃប្រសាទក៏បានចាប់ធ្វើតេស្តលើសរសៃប្រសាទរបស់នាង ។ លទ្ធផលចេញមកគួរឲ្យភ្ញាក់ផ្អើល ដោយសារពួកគេបានរកឃើញថា សរសៃប្រសាទរបស់នា គឺមិនបានធ្វើដំណើរដល់ផ្នែករាងកាយខាងក្រោមរបស់នាងឡើយ ដូច្នេះហើយ ទើបនាងមិនអាចមានអារម្មណ៍ឈឺចាប់សោះបែបនេះ ។
រឿងកាន់តែខ្លោចចិត្តបានកើតមានឡើង ដោយសារប្អូនស្រីរបស់នាង Naeala ត្រូវបង្ខំចិត្តកាត់ជើងម្ខាងរបស់នាងចោល នៅពេលនាងមានអាយុ ១១ ឆ្នាំ ដោយសារតែរបួសលើជើងរបស់នាងមិនអាចព្យាបាលឲ្យជាសះស្បើយបាន ។
ជំងឺដ៏កម្រមួយនេះ បានធ្វើឲ្យពួកគេទាំងពីរ មានការពិបាករស់នៅជាខ្លាំង ដោយសារតែការមិនចេះឈឺចាប់បែបនេះ បានធ្វើពួកគេមិនអាចឈរ ឬដើរយូរបាន ព្រោះអាចបណ្ដាលឲ្យមានការហើមតាមផ្នែកនីមួយៗ ដែលសរសៃប្រសាទមិនអាចទៅដល់ ៕
ប្រភព៖ Dailymail