នឹកសាលាទេប្អូនៗ? មកមើលសកម្មភាពលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សម្អាតសាលាត្រៀមចូលរៀនវិញ
ស្របពេលដែលក្រសួងបានចេញប្រកាសពីកាលបរិច្ឆេទនៃការចូលរៀនវិញនេះ ទៅមើលសកម្មភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យសម្ដេចឪ ខេត្តបាត់ដំបង បានរួមសាមគ្គីគ្នាដើម្បីទៅកាប់ឆ្ការព្រៃ ជម្រះស្មៅ សម្អាតបរិស្ថាន ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ។
ក្រោយពីឃើញរូបភាពទាំងនេះធ្វើឱ្យសិស្សានុសិស្សពិតជានឹកទៅដល់សាលាដែលត្រូវបែកជាយូរ ខានបានជួបលោកគ្រូអ្នកគ្រូ មិត្តភក្ដិ ឃ្លាតឆ្ងាយពីគ្នារាប់ខែ ព្រោះតែការរាតត្បាតជំងឺកូវីដ ១៩ ពាសពេញពិភពលោក ។ នេះជាការវិលត្រឡប់ទៅការសិក្សាវិញប៉ុន្តែមានការរក្សាសុវត្ថិភាព ហើយគោលការណ៍សិក្សាក៏ត្រូវបានផ្លាស់ប្ដូរមិនដូចពីមុនឡើយ ដើម្បីធានាសុវត្ថិភាពជូនសិស្សានុសិស្ស និងបុគ្គលិកអប់រំទាំងអស់ ។
គួរឱ្យដឹងថា នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុននេះសិស្សានុសិស្សទាំងថ្នាក់មតេយ្យ បឋម និងមធ្យម នឹងត្រូវចូលរៀនវិញហើយ ។ ក្នុងនោះសិស្សានុសិស្សថ្នាក់ទី ៩ និង ទី ១២ នឹងត្រូវចូលរៀនពេញលេញវិញ ហើយសិស្សានុសិស្សទាំងថ្នាក់មតេយ្យ បឋម មធ្យម នៅខេត្តទាំង ៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគីរី នឹងត្រូវចូលរៀនពេញលេញ ។ ដោយឡែកបណ្ដាខេត្តផ្សេងៗទៀតនឹងត្រូវរៀននៅក្នុងថ្នាក់ខ្លះ និងតាមអនឡាញខ្លះ ៕
រូបភាព៖ វិទ្យាល័យ សម្តេចឪ ខេត្តបាត់ដំបង