គន្លឹះសំខាន់ៗពីនិស្សិតឆ្នើមៗ ២ រូប ដើម្បីជាប់អាហារូបករណ៍ Chevening របស់អង់គ្លេស
Chevening គឺជាកម្មវិធីផ្ដល់អាហារូបករណ៍ដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ដើម្បីឱកាសដល់និស្សិតជុំវិញពិភពលោកអាចទៅសិក្សានៅសាកលវិទ្យាល័យល្បីៗនៅទីនោះ ។ ក្នុងនោះនិស្សិតកម្ពុជាក៏មានឱកាសដើម្បីដាក់ពាក្យយកអាហារូបករណ៍នេះជារៀងរាល់ឆ្នាំផងដែរ ។ ចំពោះឆ្នាំសិក្សា ២០២០-២០២១ នេះ និស្សិតកម្ពុជា ៩ រូបបានទទួលជយលាភីបានអាហារូបករណ៍ Chevening ទៅសិក្សាថ្នាក់អនុបណ្ឌិតរយៈពេញ ១ ឆ្នាំ នៅចក្រភពអង់គ្លេស ។ តើដើម្បីអាចបានអាហារូបករណ៍ Chevening សិស្ស និស្សិតគួរត្រៀម និង មានគន្លឹះសំខាន់ៗអ្វីខ្លះ? សូមមកស្ដាប់បទពិសោធយុវជន និងយុវតី ២ រូបទើបតែជាប់ថ្មីៗនេះតែម្ដង ។
១. កំណត់គោលដៅឱ្យហើយថាចង់ទៅសិក្សាលើជំនាញអ្វី និងពេលត្រឡប់មកវិញចង់ធ្វើអី?
យុវតី សួន សិរីល័ក្ខ ទើបតែជាប់អាហារូបករណ៍ Chevening ប្រាប់ថាចំណុចនេះសំខាន់ណាស់ដើម្បីយើងអាចសរសេរអំពីគោលដៅរបស់ខ្លួនក្នុងការសិក្សាទៅលើជំនាញដែលយើងបានដាក់ មូលហេតុអ្វីទើបយើងចង់សិក្សាលើជំនាញនោះ ហើយពេលត្រឡប់មកវិញយើងនឹងយកអ្វីដែលទទួលបានពីការរៀនសូត្រយកមកអភិវឌ្ឍន៍ ឬធ្វើអ្វីខ្លះ? នៅពេលដែលយើងរៀបរាប់ចំណុចទាំងនេះបានល្អប្រសើរក៏ធ្វើឱ្យមានការចាប់អារម្មណ៍ពីគណៈកម្មការ និងអាចមានឱកាសទទួលបានអាហារូបករណ៍មួយនេះ ។
២. ស្រាវជ្រាវពីសាកលវិទ្យាល័យដែលខ្លួនឯងចង់បន្តការសិក្សា
និស្សិតមកពីវិទ្យាស្ថានភាសាសបរទេស (IFL) រូបនេះបន្តទៀតថា មួយវិញទៀតនោះមុនពេលចង់ដាក់យកអាហារូបករណ៍ត្រូវទៅស្រាវជ្រាវពីសាកលវិទ្យាល័យដែលយើងចង់សិក្សាឱ្យច្បាស់ថាតើគេមានលក្ខខណ្ឌបែបណាខ្លះ? ដូចជាពិន្ទុ IL ឬ Toefl គេត្រូវការប៉ុន្មានចុចឡើង និងទាមទារអ្វីខ្លះ? ដើម្បីយើងអាចត្រៀមខ្លួន និងត្រៀមអ្វីដែលគេត្រូវការឱ្យបានល្អ ។
៣. បទពិសោធការងារយ៉ាងតិច ២ ឆ្នាំ
ដោយឡែកបើតាមនិស្សិតឆ្នើមមួយរូបទៀត គឺយុវជន អ៊ូច គង្គារ មកពីសាលា NIPTICT បានផ្ដល់បទពិសោធថា និស្សិតត្រូវតែមានបទពិសោធការងារមិនថាជាការងារស្មគ្រចិត្ត ការងារក្រុមហ៊ុន ឬស្ថាប័នរដ្ឋឡើយ ។ បទពិសោធការងារទាមទារឱ្យយើងត្រូវបរិយាយនៅក្នុងការដាក់យកអាហារូបករណ៍នេះផងដែរ ។ បទពិសោធកាន់តែច្រើន កាន់តែល្អ ឱកាសជាប់ក៏មានភាគរយខ្ពស់ដូចគ្នា ។
៤. ត្រូវមាន Recommendation ពីសាលា និងពីកន្លែងការងារ
យុវជនគង្គារ ប្រាប់មួយចំណុចទៀតថា យើងត្រូវតែមានទំនាក់ទំនងល្អមិនថានៅក្នុងសាលា ឬ កន្លែងការងារនោះឡើយ ព្រោះនៅពេលដាក់ពាក្យឯកសារដែលគេត្រូវការក៏តម្រូវឱ្យមាន Recommendation ពីស្ថាប័នទាំងពីរនេះ ។ ដូច្នេះហើយគេនឹងពិនិត្យថាតើនៅក្នុងសាលាយើងជានិស្សិតបែបណាមានការគោរពវិន័យ ប្រឹងប្រែងរៀនសូត្រដែរទេ? ចំណែកឯនៅក្រុមហ៊ុនវិញយើងជាបុគ្គលិកបែបណាដែរទាំងទំនាក់ទំនងជាមួយមិត្តរួមការងារ និងការខិតខំព្យាយាមផ្សេងៗ ៕