
កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ មានករណីឃាតកម្មលើពលករខ្មែរមួយរូបយ៉ាងសាហាវព្រៃផ្សៃបំផុតដោយឃាតកបានយកកាំបិតចាក់ក ហេីយយករណារអារកបន្ថែម មុននឹងដាក់ឱ្យបុរសនោះកៀបចូលក្នុងម៉ាស៊ីននៅក្នុងរោងចក្រពេលកំពុងធ្វើការ ។ បន្ទាប់ពីមានការស៊ើបអង្កេតរួចក៏បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យជាឃាតកដែលជាជនជាតិខ្មែរដូចគ្នា ហើយជាមិត្តរួមការងារជាមួយគ្នាថែមទៀត ។
ចំពោះមូលហេតុនាំឱ្យឃាតកហ៊ានប្រព្រឹត្តិអំពើឃោរឃៅលើជនរងគ្រោះ គឺកើតចេញពីការចង់គំនុំ និង ច្រណែន ដោយឃាតកបានឃើញថៅកែស្រឡាញ់ចូលចិត្តជនរងគ្រោះជាងខ្លួន និង តាមរយៈអ្នកស្គាល់គ្នាបានឱ្យដឹងថា អ្នកទាំងពីរធ្លាប់មានការប្រកែកគ្នានៅពេលស៊ីផឹករឿងចំអន់គ្នាដែរ ។
ជនរងគ្រោះដែលបាត់បង់ជីវិតដោយឃាតកម្មនេះមានឈ្មោះ នី មានកន្លែងកំណើតនៅវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមការបញ្ជាក់ពីអ្នកស្គាល់បានឱ្យដឹងថា គាត់ជាមនុស្សស្លូតបូត ចិត្តល្អ មិនសូវជាមានបញ្ហាជាមួយអ្នកដទៃនោះទេ ហេីយប្រឹងធ្វេីការ គាត់ធ្វេីការចូលអណត្តិទី ២ ថៅកែស្រឡាញ់ចូលចិត្តណាស់ សូម្បីតែទៅលេងខ្មែរក៏ថៅកែចេញសំបុត្រឱ្យថែមទៀត ។
សូមបញ្ជាក់ថា ឃាតកត្រូវប៉ូលិសចាប់បាននៅវេលាម៉ោង ៥ ល្ងាចបន្ទាប់ពីធ្វើសកម្មភាព នៅម្តុំហាងលក់ទូរស័ព្ទ ក្នុងទីក្រុងអឺយចុងប៊ូ ពេលនេះបានបញ្ជូនទៅតំបន់ណាមយ៉ាងជូរ សួរចម្លើយ និង កំពុងបន្តរៀបចំនិតិវិធីកាត់ទោសតាមផ្លូវច្បាប់ ៕
ប្រភព៖ Meng Costa page បំណងល្អពីខ្ញុំ
អត្ថបទដោយ៖ ចាន់ត្រា