បើនឹកឃើញចង់ញុំាគ្រឿងសមុទ្រ ច្បាស់ណាស់អ្វីដែលគិតដល់មុនគេគឺទឹកជ្រលក់ជាមិនខាន ហើយទឹកជ្រលក់មានច្រើនប្រភេទ តែប្រសិនជាយើងជ្រើសរើសយកខុសរសជាតិមកញុំាផ្សំគ្នាជាមួយនឹងគ្រឿងសមុទ្រនោះ ច្បាស់ជាមិនឆ្ងាញ់នោះទេ ។
យ៉ាងណាមិញថ្ងៃនេះ «ប្រជាប្រិយ» នឹងមកបង្ហាញពីរបៀបធ្វើទឹកជ្រលក់ ២ ប្រភេទ ដែលយកមកញុំាជាមួយនឹងគ្រឿងសមុទ្រ ជាពិសេសងាវស្រុះអន្លក់បន្លែស្រស់នោះពិតជាឆ្ងាញ់ចូលជាតិគ្នាខ្លាំងណាស់ ។ តស់! មករៀន វិធីធ្វើងាវស្រុះពិសេសជាមួយនឹងទឹកជ្រលក់ ២ មុខទាំងអស់គ្នា ៖
-គ្រឿងផ្សំ៖ ងាវ ១គីឡូ, នំបញ្ចុក (តាមចំណូលចិត្ត), ត្រសក់, សាឡាត់, ស្ពៃបូកគោ, ជីរគ្រប់មុខ និង បន្លែផ្សេងទៀតតាមចំណូលចិត្ត ។
-គ្រឿងផ្សំទឹកជ្រលក់
១-ទឹកត្រីបុកហឹរ ៖ ខ្ទឹមស ១០-១៥ កំពឹស, ម្ទេស ១៥-២០ គ្រាប់, ស្ករ ១ ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៥-៦ ស្លាបព្រាបាយ, ទឹកត្រី ៣ ស្លាបព្រាបាយ ។
២-ទឹកអំពិលទុំ ៖ ទឹកធម្មតា ១ កូនចានកន្លះ, ទឹកអំពិលទុំ ១ កូនចាន, ទឹកត្រី ៣ ស្លាបព្រាបាយ, ស្ករ ២ ស្លាបព្រាបាយ, សណ្តែកដីលីង ២ ស្លាបព្រាបាយ បុក ឬ កិនឱ្យម៉ដ្ឋបន្តិច ។
-វិធីធ្វើ ៖
១) យកងាវលាងទឹកឱ្យស្អាត រួចយកទៅដាក់ស្រុសទឹកក្តៅ ហើយស្រង់ដាក់ត្រាំទឹកធម្មតា
២) ធ្វើទឹកត្រីបុកហឹរ ៖ យកខ្ទឹមស ម្ទេស ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ដាក់ចូលគ្នាបុក ឬ កិនឱ្យសព្វចូលគ្នា រួចដួសដាក់ចាន
៣) ធ្វើទឹកអំពិលទុំ ៖ យកខ្ទះដាក់ទឹក ទឹកអំពិលទុំ ទឹកត្រី ស្ករចូល កូរចូលគ្នាឱ្យសព្វ រួចដាក់សណ្តែកដីលីងចូល ច្របល់ចូលគ្នា រួចដួសដាក់ចាន
៤) រៀបចំអន្លក់ នំបញ្ចុក ងាវ និង ទឹកជ្រលក់ដាក់ចាន ហូបផ្ទាប់ចូលគ្នា ឆ្ងាញ់អស់ទាស់ ៕
ប្រភព៖ Daily Food