
ស្ត្រីមេផ្ទះ មួយចំនួនប្រហែលជាធ្លាប់បានស្គាល់ និង ចម្អិនរួចហើយនូវមុខម្ហូបមឹកបំពងញាត់សាច់ជ្រូកចិញ្ច្រាំ ដែលជាមុខម្ហូបពេញនិយមសម្រាប់អ្នកចូលចិត្តញុំាគ្រឿងសមុទ្រ និង ញុំាប្រភេទអាហារចៀន ឬបំពងនោះ។ យ៉ាងណាមិញ មុខម្ហូបមួយនេះទោះបីជាមានភាពងាយស្រួល និង មិនសុំាញុំាក្នុងការចម្អិនក៏ពិតមែន ប៉ុន្តែពេលខ្លះស្ត្រីមេផ្ទះ ឬចុងភៅមួយចំនួនអាចនឹងមិនចាំដៃក្នុងការលាយគ្រឿងផ្សំឲ្យឆ្ងាញ់ពិសា ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញពីរូបមន្តលាយគ្រឿងផ្សំធ្វើមឹកបំពងញាត់សាច់ជ្រូកចិញ្ច្រាំយ៉ាងងាយស្រួល និង ឆ្ងាញ់ពិសាដល់លោកអ្នក ។
+ របៀបធ្វើមឹកបំពងញាត់សាច់ជ្រូកចិញ្ច្រាំ
*គ្រឿងផ្សំ៖
– មឹក, សាច់ជ្រូកចិញ្ច្រាំ, គុលជីវ៉ាន់ស៊ុយ បុកឱ្យម៉ដ្ឋ, ស្លឹកខ្ទឹម កាត់ខ្លីៗ, ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ស្ករស, ម្រេច, ម្សៅស៊ុប, ប្រេងឆា
វិធីធ្វើ៖
១- យកសាច់ជ្រូកចិញ្ច្រាំ ជីវ៉ាន់ស៊ុយ ខ្ទឹមស ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្សៅស៊ុប និង ម្រេច ផ្សំចូលគ្នា ច្របល់ឱ្យសព្វល្អ។
២- ទើបយកវាទៅញាត់នៅក្នុងមឹកឲ្យសមល្មមណែនល្អ រួចយកឈើចាក់ធ្មេញខ្ទាស់មុខវា កុំឲ្យធ្លាយស្នូលចេញមកក្រៅ ។
៣- បន្ទាប់មកយកខ្ទះដាក់ប្រេងឲ្យក្តៅ រួចបំពងខ្ទឹមសឱ្យឈ្ងុយក្រហមល្អ ដួសដាក់ចានទុកមួយអន្លើ ក្រោយមកយកមឹកទៅបំពងឲ្យឆ្អិន ហើយលើកដាក់ចាន និងហាន់ជាចំណិតៗ រួចរោយខ្ទឹមសបំពងពីលើជាការស្រេច។
* អាចយកទៅជ្រលក់ ទឹកត្រីកោះកុង ទឹកប៉េងប៉ោះ ឬទឹកជ្រលក់តាមចំណូលចិត្ត ៕
ប្រភព៖ Daily Food