សូមប្អូនៗកុំអន្ទះសារអី! ក្រសួងជួបជាមួយសាលាទាំង ២០រួចហើយ ត្រៀមបង្ហាញបញ្ជីឈ្មោះឆាប់ៗ
ឆ្លើយឆ្លងជាមួយ «ប្រជាប្រិយ» តាមទូរសព្ទនារសៀលថ្ងៃទី ២២ កក្កដា ២០២០ នេះឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ បានជួបពិភាក្សាជាមួយសាលាទាំង ២០ រួចអស់ហើយ ទៅលើដំណើរការបើកសាកល្បងសាលាទាំង ២០ នេះ ។
យ៉ាងណាក្ដីអ្នកនាំពាក្យក្រសួងរូបនេះ មិនទាន់ចង់បង្ហាញថាសាលាណាខ្លះនៅឡើយទេ ព្រោះក្រសួងចាំមើលសិនថាតើ សាលាទាំង ២០ នេះអាចធ្វើដូចអ្វីដែលជាវិធានការរបស់ក្រសួងអប់រំដែរឬទេ ។
គួរឱ្យដឹងថា សាលាទាំង ២០ នោះសុទ្ធតែជាសាលាអន្តរជាតិដែលមានស្ដង់ដារសុវត្ថិភាពខ្ពស់ និងបានជួបប្រជុំជាមួយក្រសួងអប់រំ កាលពីថ្ងៃទី ២០ កក្កដា ២០២០ កន្លងទៅនេះ ៕