ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែងមានផ្ទៃដីទំហំ ៣៣២,៥០០ ហិកតា ។ បើយើងនិយាយពីសក្តានុពលក្នុងឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃគឺជាអ្វីដែលធ្វើឱ្យឧទ្យានជាតិមួយនេះមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកដែលបានទស្សនា និង រង់ចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល ។
អ្វីដែលកាន់តែពិសេសទៀតនោះ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅសម្រាកលម្ហែកាយ កម្សាន្តជាមួយធម្មជាតិពិតៗ ខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពប្រៀបដូចគំនូរ ភ្ញៀវទេសចរអាចទៅដល់ទីនោះបានជាមួយនឹង មន្រ្តីឧទ្យានុរក្សផ្ទាល់ជាអ្នកនាំផ្លូវតែម្តង ។
ជាក់ស្តែង តាមមន្ទីរបរិស្ថានខេត្តរតនគិរីបានឱ្យដឹងថា កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ មន្រ្តីឧទ្យានុរក្សផ្នែកនាំភ្ញៀវទេសចរនៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បានជូនភ្ញៀវទេសចរខ្មែរចំនួន ១១នាក់ ស្រី ០៣នាក់ ចូលទៅទស្សនាកម្សាន្ត ក្នុងឧទ្យានជាតិវីរៈជ័យ ភ្នំវាលធំ ចំនួន ០៣ថ្ងៃ ។ ក្នុងដំណើរកម្សាន្តនេះ ភ្ញៀវទេសចរបានឮសំឡេងសត្វ ទោចយំជុំវិញភ្នំវាលធំ បានឃើញសត្វប្រើសចំនួន ០១ក្បាល ឈ្លូសចំនួន ០១ក្បាល និងសត្វទោចចំនួនមួយក្រុមផងដែរ ។ ជាពិសេសភ្ញៀវទេសចរសប្បាយចិត្តយ៉ាងខ្លាំងពេលបានទៅដល់ភ្នំវាលធំ និងបានផ្ដិតយកនូវទេសភាពស្អាតៗជុំវិញវាលធំទុកជាអនុស្សាវរីយ៍ ៕
ប្រភព៖ ក្រសួងបរិស្ថាន និង មន្ទីរបរិស្ថានខេត្តរតនគិរី