កម្ពុជាគឺជាប្រទេសដែលមានអំណោយផលយ៉ាងខ្លាំងពីធម្មជាតិ អាកាសធាតុ នឹងកត្តាភូមិសាស្រ្ត ដែលអាចបង្កើតបានជាតំបន់ទេសចរណ៍ធម្មជាតិមានទាំងជ្រោះ ស្ទឹង បឹងបួរ ព្រៃភ្នំ សមុទ្រ កោះ គ្រប់ប្រភេទ ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាត គួរជាទីគយគន់ មិនចេះជិនណាយ ។
យ៉ាងណាមិញ ដោយសាររដូវនេះជារដូវវស្សា បានធ្វើឱ្យតំបន់ព្រៃភ្នំ ប្រែជាពណ៌ខៀវស្រងាត់ រុក្ខជាតិលាស់ត្រួយខ្ចី ទាក់ទាញអ្នកធ្វើដំណើរកម្សាន្តយ៉ាងខ្លាំង ជាពិសេសអ្នកដែលចូលចិត្តដំណើរផ្សងព្រេងឡើងភ្នំ បោះតង់នោះឯង ។
ជាក់ស្តែង ក្រៅពីតំបន់ភ្នំដែលកំពុងល្បីខ្លាំងដូចជា ខ្នងផ្សារ ខ្នងក្រពើ នោះថ្មីៗនេះ ខេត្តពោធិ៍សាត់ក៏បានរំលេច នូវភ្នំមួយមានឈ្មោះថា ភ្នំតាក្រហម ដំណាក់ដាអង្រែ្គ នៅសហគមន៍រាំងខ្វាវ ឃុំ សន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ដែលមានទេសភាពមិនចាញ់ភ្នំនៅខេត្តផ្សេងប៉ុន្មានឡើយ ។
នៅទីនេះ អ្នកដែលទៅលេងកម្សាន្តក៏អាចស្រូបយកខ្យល់អាកាសបរិសុទ្ធពិតៗពីធម្មជាតិ ព្រមទាំងអាចមើលឃើញទេសភាពភ្នំជាច្រើននៅជុំវិញ ពីលើកំពូលភ្នំតាក្រហមនេះបានដែរ ។ ក្រៅពីនោះ ដំណើរកម្សាន្តបែបឡើងភ្នំនេះ អ្នកបានទៅដល់ក៏អាចបោះតង់សម្រាក អាំងសាច់ មើលថ្ងៃលិច ថ្ងៃរះ ប្រកបដោយបរិយាកាសជាទីមនោរម្យផងដែរ ៕
ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់